ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ កាកបាទក្រហមកម្ពុជាកំណត់ការងារជាអាទិភាពចំនួន៤ ដើម្បីចូលរួមឆ្លើយតបនឹងជំងឺអេដស៍នៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានដាក់ចេញនូវការងារជាអាទិភាពចំនួន ៤ ដើម្បីចូលរួមឆ្លើយតបនឹងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។
តាមរយៈសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ នៅកម្ពុជា អស់រយៈពេល៣២ឆ្នាំកន្លងទៅនេះបានបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ឆ្ពោះទៅបញ្ចប់អេដស៍។ ដោយឡែកនៅក្នុងឆ្នាំ២០២៥នេះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាសគូសបញ្ជាក់បន្ថែមទៀត ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងរួមជាសកល ជម្នះគ្រប់ឧបសគ្គដែលកើតមានឡើងដោយសារតែសង្គ្រាម, ជម្លោះប្រដាប់អាវុធដែលកើតមានឡើងជាច្រើនកន្លែងនៅក្នុងពិភពលោក, ការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៅទៀត, វិបត្តិមូលនិធិជាប្រវត្តិសាស្ត្រកំពុងគំរាមកំហែងឈានទៅបំផ្លាញវឌ្ឍនភាពដែលខិតខំកសាងឡើងរាប់ទសវត្សរ៍។ ប្រទេសជាច្រើនត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូរយ៉ាងធំធេង ក្នុងដំណើរការកម្មវិធីអេដស៍ និងការផ្តល់មូលនិធិ។
នៅចំពោះមុខបរិការណ៍សកលនេះព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តសម្រេចឱ្យបាននូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០ ដែលបច្ចុប្បន្នកម្ពុជាសម្រេចបាន រួចទៅហើយ នូវគោលដៅសកលចំនួនពីរគឺ៖ ទី១. អ្នកដែលបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ចំនួន១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, ទី២.ក្នុងចំណោមអ្នកដែលបានទទួលការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍គឺ៩៨% ទទួលបានប្រសិទ្ធភាពខ្ពស់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា នៅចំពោះមុខកម្ពុជា យើងត្រូវតែនាំគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែង សម្រេចឱ្យបានគោលដៅសកលទី១ ពោល គឺធ្វើយ៉ាងណាឱ្យអ្នក ដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ ដែលបច្ចុប្បន្នមាន៩២%នោះឱ្យបានកើនជាង៩៥% ដើម្បីពួកគាត់បានទៅទទួលសេវាព្យាបាល បានទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍។
សម្ដេចបានថ្លែងថាជាមួយគ្នានេះដើម្បីចូលរួមសម្រេចបានគោលនយោបាយជាតិដ៏ស្រួចស្រាវខាងលើនេះ កាកបាទក្រហម កម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមទាំងរូបសម្ដេចផ្ទាល់បានកំណត់ការងារជាអាទិភាពចំនួន៤គឺ៖ ១-ពង្រឹងភាពជាអ្នកដឹកនាំនិងភាពធន់ ដោយលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ចូលរួមជា ចរន្តជាតិតែមួយឈានឆ្ពោះទៅបញ្ចប់អេដស៍។ ២- បន្តពង្រឹង និងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ជារួមនៅ តាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនគន្លឹះ និង លើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ៣- បន្តផ្តល់សេវាគាំទ្រសង្គម ជួយជនរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍ និង ៤- បន្តធ្វើជាគំរូនៅក្នុងសង្គមជាតិនិងរក្សាបរិយាកាស លើកកម្ពស់ការមិនរើសអើង និងមាក់ងាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោល នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។ ចំពោះយុវនារីយុវជនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថ វិជ្ជមានបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភក្តិ សហគមន៍ និងសង្គមជាតិរបស់យើង ជាពិសេស ត្រូវនាំគ្នាចៀសឱ្យឆ្ងាយ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើបារីអេឡិចត្រូនិក និង ត្រូវលើកកម្ពស់ស្មារតី “ស្រឡាញ់ខ្លួន ស្ងួនចំណី”។ ចំពោះបងប្អូនដែលបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវតែស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានឆាប់បំផុតដើម្បីអាចទទួលបាន នូវសេវាព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ និងសូមចងចាំជានិច្ចថា «យើងអាច ភ្លេចអេដស៍ តែអេដស៍ពុំភ្លេចយើងឡើយ»។ ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅទទួលសេវាពិនិត្យ និងថែទាំផ្ទៃពោះឱ្យបានត្រឹមត្រូវ និង ទៀងទាត់ ទទួលបានការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ទប់ស្កាត់ កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយពីម្តាយទៅកូន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវ កុំរើសអើង និងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពី ការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា។ ផ្ទុយទៅវិញ សូមចូលរួមលើកទឹកចិត្ត ផ្តល់កិច្ចគាំពារ មិនបោះបង់ចោលឬទុកឱ្យនៅឯកាចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ណាម្នាក់ឡើយ៕




-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត