ព័ត៌មាន
ក្រុមហ៊ុនអាម៉េរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត
បណ្ដាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកធំៗ បានប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលមានគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យរបស់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា។
ការបញ្ជាក់របស់បណ្ដាក្រុមហ៊ុនរបស់អាមេរិកបែបនេះ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC) និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តម Ted Osius បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ US-ABC នាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួង-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានា របស់បណ្ដាក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។ ឯកឧត្តម Ted Osius ក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់វិនិយោគិន និងវិស័យឯកជន។
ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិកជាច្រើន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ឱ្យទទួលបានជោគជ័យ និងបានជម្រាបជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះ, គណៈប្រតិភូក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកទុនវិនិយោគ ក៏ដូចជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន៖ សុខាភិបាល, ទេសចរណ៍និងសេវាកម្មសណ្ឋាគារ, បច្ចេកវិទ្យាឌីជីថល, ធនាគារនិងហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ, ទីក្រុងឆ្លាតវៃ, យានយន្ត និងការធានារ៉ាប់រង ជាដើម។ បន្ថែមពីនេះ, តំណាងក្រុមហ៊ុនវិនិយោគ ក៏បានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការធ្វើជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែម ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Ted Osius និងគណៈប្រតិភូ ដែលបានរៀបចំឱ្យមានបេសកកម្មធុរកិច្ចនាឱកាសនេះ និងបានស្វាគមន៍ចំពោះធុរជនអាម៉េរិក ដែលជឿជាក់និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលសកម្មភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ក៏ដូចជាការជំរុញវិស័យធុរកិច្ចនៅកម្ពុជា។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ, យុទ្ធសាស្ត្រ និងយន្តការសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងគាំទ្រភាពជោគជ័យរបស់វិនិយោគិនដែលកំពុងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនេះ, សម្ដេចបវរធិបតី បានលើកឡើងពីការបន្តរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជននៅកម្ពុជា។ សម្ដេចបវរធិបតី បានលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ បន្តសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នកម្ពុជា និងបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ