ព័ត៌មាន
ទូតសាធារណរដ្ឋឆែក ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជាឱ្យកាន់តែរីកចម្រើន
ភ្នំពេញ ៖ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកជំទាវបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះលោកជំទាវបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ឆ្នាំ២០២៦ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលលោកជំទាវនឹងពិនិត្យលើកសំណើ ដើម្បីរៀបចំប្រារព្ធខួបនេះឱ្យបានល្អប្រសើរ។ លោកជំទាវក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបវរធិបតី មានជំនឿជឿជាក់ថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឆែក នឹងកាន់តែរីកចម្រើនថែមទៀត។
សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាលើការបន្តជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ មានជាអាទិ៍៖ អប់រំ, សុខាភិបាល, សន្តិសុខ និងការពារជាតិ, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ បន្ថែមលើនេះ, សម្តេចបវរធិបតី និងលោកជំទាវ បានឯកភាពក្នុងការលើកកម្ពស់ឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនកាលានុវត្តភាពបន្ថែមទៀតក្នុងការជំរុញដល់ការវិនិយោគ។
ជាកិច្ចបញ្ចប់, សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើការកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា និងបានជូនពរលោកជំទាវឱ្យទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា