ព័ត៌មាន
អបអរសាទរ! ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោកជំទាវ Doreen Bogdan-Martin អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) Dr. Masanori Kondo អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) លោកស្រី Tiziana Bonapace នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពីបណ្តាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តំណាងអង្គទូត និងដៃគូអន្តរជាតិនានាជាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធនៃការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏ដូចជាបង្ហាញអំពីសមិទ្ធផល នៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ពិតជាសមស្របទៅនឹងបរិការណ៍ដែលប្រទេសជុំវិញសកលលោកបាន និងកំពុងចាត់ទុកបច្ចេកវិទ្យាឌីជីថលជាឧបករណ៍និងជាកាតាលីករសម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើន ការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច ក្នុងខណៈដែលសកលលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ អស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ជាដើម។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គវេទិកាផ្តោតការយកចិត្តទុកដាក់លើចំណុចជាគន្លឹះមួយចំនួន ដូចខាងក្រោម៖
ទី១. ការកំណត់វិធានការគោលនយោបាយជាក់លាក់ក្នុងការឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ព្រមទាំងគ្រប់គ្រងឱ្យបាននូវហានិភ័យដែលមានជាអាទិ៍៖ ផលប៉ះពាល់លើការងារ ការអប់រំ ឯកជនភាពទិន្នន័យ និងសន្តិសុខសាយប័រ។
ទី២. ការធ្វើសុខដុមនីយកម្មគោលនយោបាយ, បទប្បញ្ញត្តិ, ស្តង់ដារវាងប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ក៏ដូចជា ការពង្រឹងនូវការចែករំលែកចំណេះដឹង និងបទពិសោធ។
ទី៣. ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញ ឬបង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ និងធុរជន ។
ទី៤. ការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខសាយប័រ ឧក្រិដ្ឋកម្មសាយប័រ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កើតព័ត៌មានក្លែងក្លាយ ។
ទី៥. ការសហការវិនិយោគ ផ្លាស់ប្តូរបច្ចេកវិទ្យា និងអភិវឌ្ឍកម្មវិធីសុសវែរ (Digital Solutions) ដែលជាតម្រូវការរួមគ្នា ដើម្បីសន្សំសំចៃធនធាន ធានាអន្តរប្រតិបត្តិការ និងជាពិសេសសម្រួលដល់ការផ្សារភ្ជាប់ប្រទេសក្នុងតំបន់តាមរយៈលំហឌីជីថល។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការទុកចិត្តយ៉ាងមុតមាំថា វេទិកានេះនឹងដំណើរការទៅដោយរលូន និង បានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគតឌីជីថលរួមគ្នា។ ជាពិសេស យកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន៕










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា