ព័ត៌មាន
ក្រសួងទេសចរណ៍ និងគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជារួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់សហគមន៍អេកូទេសចរណ៍កម្ពុជា ដល់ភ្ញៀវទេសចរអឺរ៉ុប និងពិភពលោក
នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ និងតាមកិច្ចពិភាក្សារួមគ្នាក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី១១ ខែសីហា ឆ្នំា២០២៥ កន្លងមក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូពីក្រសួងទេសចរណ៍ និងសហភាពអឺរ៉ុបប្រចាំកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងវាយតម្លៃជាក់ស្តែងពីសក្តានុពលទេសចរណ៍ បញ្ហាប្រឈម និងកាលានុវត្តវិនិយោគនៅសហគមន៍អេកូទេសចរណ៍ព្រែកទាល់ដែលស្ថិតនៅក្នុងតំបន់ជីវៈចម្រុះរបស់បឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានជួបសំណោះសំណាល ស្តាប់ពីសំណូមពរ និងផ្តល់នូវអនុសាសន៍ដល់ប្រជាជនមូលដ្ឋាន សមាជិកសហគមន៍ ក្រុមការងារអភិរក្ស និងអាជ្ញាធរមូលដ្ឋានពីស្ថានភាពសហគមន៍ជាក់ស្តែង ជីវភាពរស់នៅប្រចាំថ្ងៃ សកម្មភាពផ្តល់សេវាកម្មទេសចរណ៍ ក៏ដូចជាលទ្ធផលពីគម្រោងជួយអភិរក្សតំបន់ទន្លេសាបរបស់សហភាពអឺរ៉ុបកន្លងមក។
តាមរយៈការចុះជួបសហគមន៍ផ្ទាល់នៅមូលដ្ឋាន និងពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅរួមគ្នា ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មានទស្សនៈគំនិតរួមគ្នាថាតំបន់អេកូទេសចរណ៍កម្ពុជា ដូចជាសហគមន៍ទេសចរណ៍ព្រែកទាល់នេះ ពិតជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលដ៏ទាក់ទាញ តាមរយៈភាពចម្រុះរួមបញ្ចូលគ្នារវាងវប្បធម៌ ទំនៀមទំលាប់ ការរស់នៅសម្របតាមបរិស្ថានជុំវិញ និងធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសគឺលក្ខណៈពិសេស និងប្លែកៗ របស់ខ្លួន ដូចជាតំបន់ព្រែកទាល់ជាឋាបណីយជីវមណ្ឌលទឹកសាបធំបំផុតនៅក្នុងបឹងទន្លេសាប និងជាទ្រនំសត្វស្លាបទឹកសាបជាច្រើនរយប្រភេទរួមទាំងប្រភេទដែលជាសត្វកម្រ និងប្រឈមនឹងការផុតពូជ ដែលទទួលបានការការពារ និងអភិរក្សជាសកល។
តាមរយៈកិច្ចសន្ទនាភាពជាដៃគូសហការមិនអាចខ្វះបាន ក្រសួងទេសចរណ៍ និងសហភាពអឺរ៉ុប ឯកភាពជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់តំបន់អេកូទេសចរណ៍កម្ពុជា ដូចជាតំបន់ព្រែកទាល់នេះឱ្យល្បីល្បាញ និងទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិពីទ្វីបអឺរ៉ុប និងពិភពលោក ដើម្បីបានមកទស្សនាឱ្យកាន់តែច្រើន និងទទួលបានចំណេះដឹងបទពិសោធពីជីវៈចម្រុះដ៏សំបូរបែប សត្វស្លាបទឹកសាប ប្រពៃណី ការរស់នៅដែលសម្របនឹងរបបទឹកឡើង និងទឹកចុះ ម្ហូបអាហារដែលចម្អិនពីត្រីទឹកសាបដ៏ឆ្ងាញ់ពិសារ និងជាប្រភពវីតាមីន ពិសេសគឺអារម្មណ៍ស្រស់ថ្លាពីកំលាំងធម្មជាតិ សម្លេងបក្សី និងខ្យល់ជំនោរទន្លេដ៏ត្រជាក់ និងបរិសុទ្ធ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រី្ត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាជនអឺរ៉ុប រដ្ឋាភិបាលអឺរ៉ុប និងឯកឧត្តមឯកអគ្គរដ្ឋទូតផ្ទាល់ ចំពោះជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជារហូតមក តាមរយៈការផ្តល់នូវជំនួយអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងច្រើន និងជាបន្តបន្ទាប់រហូតមកដល់រាជរដ្ឋាភិបាលកម្ពុជា និងតំបន់សហគមន៍ទេសចរណ៍ ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍ អភិរក្ស ថែរក្សា និងស្ថាបនាប្រទេសកម្ពុជា និងសហគមន៍ទេសចរណ៍ រួមទាំងសហគមន៍ទេសចរណ៍ព្រែកទាល់នេះតែម្តង។














-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា