ព័ត៌មាន
យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, កាំភ្លើង 12,7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16ទម្លាក់គ្រាប់, យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក, ដ្រូនទម្លាក់គ្រាប់បែក និងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងភូមិសាស្រ្តនោះ។
បន្ទាប់មកនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបន្តពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត នៅក្នុងយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ដូចជានៅភូមិសាស្រ្តភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិគោករមៀត ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃបានធ្វើឡើង បន្ទាប់ពីធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ ដើម្បីនាំដល់ការប៉ះទង្គិចគ្នាឱ្យខានតែបាន។ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទដូចជា៖ កាំភ្លើងដៃ, កាំភ្លើងត្បាល់ប្រភេទ ៦០មម, កាំភ្លើងត្បាល់ប្រភេទ៨០មម, កាំភ្លើងយន្ត ១២,៧មម និងរថក្រោះ និងគិតមកត្រឹមម៉ោងនេះ យោធាថៃមិនទាន់ឈប់វាយប្រហារឈ្លានពានកម្ពុជានៅឡើយទេ។
បើទោះបីជាមានការបាញ់ប្រហារយ៉ាងគំហុកពីយោធាថៃតាំងពីថ្ងៃទី៧ និងបន្តដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែកងកម្លាំងកម្ពុជាមិនទាន់បានធ្វើការបាញ់តបតឡើយ គឺប្រកាន់ស្មារតីអត់ធ្មត់ខ្ពស់បំផុត។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏កំរោល និងសាហាវឃោរឃៅរបស់ថៃមកលើកម្ពុជា។
គួរបញ្ជាក់ថា ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជា និងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងកំរោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាមរបស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារ នៅតំបន់ព្រលានថ្ម ក្នុងខេត្តព្រះវិហារ និងបានបន្តមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានឈានបើកការបាញ់ប្រហារ នៅវេលាម៉ោង ០៥:០៤នាទីព្រឹក រហូតដល់ម៉ោង ០៦:០០នាទីល្ងាចនេះ យោធាថៃមិនទាន់ឈប់វាយប្រហារមកលើកម្ពុជានៅឡើយទេ នៅតំបន់អានសេះ និងនៅតំបន់ផ្សេងៗទៀតយ៉ាងកំរោល៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS24 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា