ព័ត៌មាន
ប្រធានាធិបតី ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូចផ្ទាំងសិលា
រដ្ឋធានីប៉េកាំង៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានហៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា ជាមិត្តចាស់ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ ហើយឯកឧត្តមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូចផ្ទាំងសិលា។
ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារទ្វេភាគីជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅមហាវិមានប្រជាជនចិន នារដ្ឋធានីប៉េកាំង ប្រទេសចិននាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាឱកាសនេះ។ ឯកឧត្តមប្រធានាធិបតី បានហៅសម្ដេចតេជោថា គឺជាមិត្តចាស់ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិន គឺមានភាពរឹងមាំដូចផ្ទាំងសិលាដូច្នោះដែរ។
ឯកឧត្តមប្រធានាធិបតីក៏បានរម្លឹកអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៥កន្លងទៅ បានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការអរគុណជាអនេកប្បការ ចំពោះបដិណ្ឋារកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចំពោះសម្ដេច និងគណៈប្រតិភូ, សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ជុំវិញទំនាក់ទំនងកម្ពុជា និងចិន។ សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប បើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្ដី តែមិត្តភាពរវាងកម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។
សម្ដេចតេជោ បានលើកឡើងចំពោះមុខ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ទៀតថា មិត្តភាពកម្ពុជា-ចិន កម្ពុជាចិត្តទុកចិន គឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាបន្ថែមទៀតទៅលើការបង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោ បានស្នើឱ្យចិនបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចតេជោ បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនៅតួនាទីរបស់ចិន។
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នា ការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌ ពង្រឹងសន្ដិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏ពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃគណបក្សរវាងប្រទេសទាំងពីរ ដែលតាមរយៈដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្ដេចតេជោនាពេលនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនៃកិច្ចសន្ទនានយោបាយក្នុងក្របខណ្ឌបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់បក្សនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត។
បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏បានពិភាក្សាគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន ដែលស្ថានភាពនៃការប្រែប្រួលដ៏ឆាប់រហ័សនេះតម្រូវឱ្យកម្ពុជា-ចិនពួតដៃគ្នាបន្ថែមទៀតក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS24 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា