ព័ត៌មាន
ថៃកំពុងរងភាពអាម៉ាសចំពោះកំហុសជាច្រើនដែលបង្កើតឡើង ក្នុងពិធីបើកកីឡាស៊ីហ្គេម លើកទី៣៣
ក្រោយពិធីបើកផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃ ធ្វើម្ចាស់ផ្ទះ កាលពីរាត្រីថ្ងៃទី៩ ខែធ្នូ បានបន្សល់នូវរឿងរ៉ាវដ៏អាម៉ាសជាច្រើន ដែលកំពុងរងការរិះគន់ពីសហគមន៍អន្ដរជាតិ ពិសេសបណ្ដាប្រទេសក្នុងតំបន់ ចំពោះភាពកម្សោយរបស់ម្ចាស់ផ្ទះថៃ ដែលបង្កើតឲ្យមានឡើង ក្នុងពិធីបើកព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ។
ចំពោះកំហុសដែលបានកើតឡើងក្នុងពិធីបើកស៊ីហ្គេម លើកទី៣៣ នៅទីក្រុងបាងកក កាលពីយប់មិញមានដូចជា៖
១. ពិធីបើកការប្រកួតនេះ មិនអាចដំណើរការតាមការគ្រោងទុក ដោយត្រូវពន្យាពេលរហូតដល់ប្រមាណ ៣០នាទី ដើម្បីរងចាំការយាងមកដល់របស់ព្រះមហាក្សត្រថៃ ដែលផ្ដល់នូវការខកចិត្តសម្រាប់អ្នកចូលរួមទស្សនាផ្ទាល់។
២. ពិធីដង្ហែក្បួនប្រតិភូកីឡារបស់ប្រទេសសមាជិកទាំង ១១ ដោយមានការប្រកាសឈ្មោះប្រទេសឥណ្ឌូនេស៊ី ដែលធ្លាប់ធ្វើម្ចាស់ផ្ទះស៊ីហ្គេម កាលពីឆ្នាំ ១៩៩៧ ប៉ុន្តែរូបទង់ជាតិ ដែលបង្ហាញនៅលើផ្ទាំងអេក្រង់ ជាទង់ជាតិរបស់ប្រទេសសិង្ហបុរី ទៅវិញ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃជាតិសាសន៍របស់ឥណ្ឌូនេស៊ី និងសិង្ហបុរី។ ប៉ុន្ដែនេះក៏មិនមែនជារឿងថ្មីដែរ ចំពោះកំហុសច្រឡំទង់ជាតិ និងឈ្មោះប្រទេសនេះ ដ្បិតរឿងនេះ ធ្លាប់បានកើតមានយ៉ាងញឹកញាប់ ដូចជាចាប់ឆ្នោតវគ្គចែកពូលបាល់ទាត់ ASEAN U19 Futsal ដោយម្ចាស់ផ្ទះថៃ បានប្រើប្រាស់និមិត្តសញ្ញាទង់ជាតិចិន ជំនួសទង់ជាតិប្រទេសវៀតណាម ហើយថ្មីៗនេះ ថៃ បន្ដសុំទោសវៀតណាម និងឡាវ ចំពោះបញ្ហាបច្ចេកទេសគ្មានភ្លេងគោរពទង់ជាតិប្រទេសទាំងពីរ ក្នុងជំនួបបើកឆាកពូលB វិញ្ញាបាល់ទាត់បុរស នៃព្រឹត្ដិការណ៍ស៊ីហ្គេម ក៏ដូចជាបញ្ហារឿងភ្លេងជាតិដដែល ដែលកើតឡើងក្នុងជំនួបបាល់ទាត់នារី ក្នុងពូលA រវាងម្ចាស់ផ្ទះថៃ និងឥណ្ឌូនេស៊ី ដោយរូបភាពទង់ជាតិខុសបច្ចេកទេសលើការផ្សាយ ដែលរូបភាពបានរចនាឡើងមក ជារូបភាពលាយលំទង់ជាតិរួមគ្នាតែមួយ ទាំងទង់ជាតិឥណ្ឌូនេស៊ី ឡាវ ថៃ និងវៀតណាមតែម្ដង។
៣. ការបង្ហាញអក្សរខ្មែរ (ជម្រាបសួរ) ដែលលោតនៅលើផ្ទាំងអេក្រង់ សរសេរខុស ទៅជា «ជាំរាបសួរ» ។ នេះអាចជាកំហុសអចេតនា ឬជាភាសាលេងសើច ក្នុងន័យមើលស្រាលអក្សរសាស្រ្តខ្មែរ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ សម្ដែងការមិនពេញចិត្ត និងរិះគន់ផងដែរ។
៤. ការបង្ហាញផែនទីរបស់ប្រទេសវៀតណាម នៅលើអេក្រងធំ ក្នុងពិធីបើកស៊ីហ្គេមនេះ គឺបាត់កោះចំនួន២ របស់វៀតណាម ហើយបញ្ហានេះ ភាគីវៀតណាម កំពុងផ្ទុះការវែងញែកជាខ្លាំង ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរ ដល់ដែនអធិបតេត្យភាពរបស់វៀតណាម។
៥. ប្រអប់ភ្លើង LED ទាំង១១ ដែលតំណាងឱ្យប្រទេសសមាជិកទាំង១១ នៅក្នុងតំបន់អាស៊ាន មានភ្លើងបាញ់ភ្លើងពណ៌ខៀវចំនួន ១០ប្រអប់ លើកលែងថា ប្រអប់ LED ទី២ ដែលរាប់ពីឆ្វេងមកស្ដាំ ជាប្រអប់តំណាងឱ្យកម្ពុជា គ្មានភ្លើងបាញ់បំភ្លឺដូចគេ ។ នេះអាចទុកជាកំហុសចេតនាច្រើនជាង ព្រោះថៃកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជា ប៉ុន្តែទង្វើនេះ ជាការលក់មុខជាតិសាសន៍ថៃទៅវិញ ព្រោះថៃជាម្ចាស់ផ្ទះ មិនមែនកម្ពុជាឡើយ។
៦. ពេលគោរពភ្លេងជាតិស៊ីហ្គេម លើកទី ៣៣ ឆ្នាំ២០២៥ គឺទង់ជាតិស៊ីហ្គេមរបស់ម្ចាស់ផ្ទះថៃ បានធ្លាក់ បន្ទាប់ពីប៉ូលិស បានដើរចេញពីទីតាំង ព្រោះចងអត់ខ្សែអត់ជាប់។ នេះគឺជាភាពកម្សោយ និងគ្មានការយកចិត្តទុកដាក់របស់ម្ចាស់ផ្ទះថៃ។
៧. ពិធីរត់ភ្លើងគប់ រឹតតែគ្មានភាពទាក់ទាញអ្វីសោះ ដោយពេលបំភ្លឺភ្លើង នៅគប់ធំ គឺឃើញមានតែផ្សែងហុយៗ តែគ្មានអណ្តាតភ្លើង។ នេះជាភាពកម្សោយខ្លាំងបំផុត ធ្វើឱ្យថៃបាក់មុខខ្លាំង រហូតពិធីករ-ពិធីការិនី ព្យាយាមនាំគ្នានិយាយបង្វែរប្រធានបទ ដើម្បីកុំឱ្យអ្នកចូលរួមផ្ទាល់ និងអ្នកមើលតាមការផ្សាយផ្ទាល់ ចាប់អារម្មណ៍ និងមើលដឹងពីភាពកម្សោយនេះ។
៨. ពិធីបើកស៊ីហ្គេមទាំងមូល តែគ្មានការបាញ់កាំជ្រួចអបអរ ផ្ទុយពីព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ។ ធម្មតាក្រោយពិធីដុតភ្លើងគប់ធំឆេះ ពិធីបាញ់កាំជ្រួចនឹងកើតឡើង តែពិធីបើកស៊ីហ្គេម នៅថៃខុសគេ អាចជាលេសថា ប្រទេសកំពុងមានសង្គ្រាមជុំទិស មិនអាចបន្លឺសំឡេងបាន។ ប៉ុន្ដែក្រោយប្រកាសបិទកម្មវិធី សូម្បីការចាក់ភ្លេង ដើម្បីអបអរសាទរពិធីបើកក៏គ្មាន ដែលធ្វើឲ្យពិធីបើកហាក់គ្មានន័យអ្វីទាំងអស់៕ អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ