ព័ត៌មាន
ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់
រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ ដែលជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ឱ្យដំណើរការសាកល្បងហើយបន្ទាប់ពីចំណាយពេលសាងសង់ជាងមួយឆ្នាំ។ រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងភូមិសារវ័ន្ត ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រទី៤នេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនមីនេបៀ ដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ដោយប្រើទុនវិនិយោគចំនួន ៣៨,៥លានដុល្លារអាម៉េរិក លើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨,០០០កន្លែងនៅពេលដំណើរការពេញសមត្ថភាព។

ពិធីដាក់ឱ្យដំណើរការសាកល្បងរោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅយ៉ាងមហោឡារិកក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមិ ព្រមទាំងថ្នាក់ដឹកនាំដឹកនាំក្រុមហ៊ុនមីនេបៀ មន្ត្រីរាជការខេត្ត និងកម្មករ និយោជិតរបស់ក្រុមហ៊ុន។

ក្នុងឱកាសនោះ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានថ្លែងរំលឹកពីដំណើរការដំបូងនៃរោងចក្ររបស់ក្រុមហ៊ុននៅកម្ពុជា ដោយមានការគាំទ្រយ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចតេជោ បានប្រៀបការវិនិយោគរបស់ក្រុមហ៊ុននៅឆ្នាំ២០១១ ដូចនឹងកូនង៉ែតទើបនឹងកើត។ លោកបានថ្លែងថា ដោយមានការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនមិនព្រួយបារម្ភពីហានិភ័យក្នុងការវិនិយោគនៅកម្ពុជានោះឡើយ។

ឯកឧត្តម កែវ រតនៈ បានបង្ហាញក្តីរីករាយចំពោះវត្តមានរោងចក្រមីនេបៀនៅលើទឹកដីខេត្តពោធិ៍សាត់ ដែលជាចំណែកជំរុញដល់ដំណើរការសេដ្ឋកិច្ចក្នុងខេត្ត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បង្ហាញការប្តេជ្ញាគាំទ្ររាល់គម្រោងវិនិយោគរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជានៅកម្ពុជា។ដើម្បីរួមចំណែកជួយឱ្យច្រវាក់ផលិតកម្មក្រុមហ៊ុនមីនេបៀនៅលើទឹកដីខេត្តពោធិ៍សាត់ អាចដំណើរការទៅមុខល្អប្រសើរនោះ ឯកឧត្តម កែវ រតនៈ បានប្រកាសថា រដ្ឋបាលខេត្តពោធិ៍សាត់នឹងជួយទិញផលិតផលភ្លើងបំភ្លឺសាធារណៈឆ្លាតវៃរបស់ក្រុមហ៊ុនបំពាក់តាមផ្លូវនៅក្នុងខេត្តពោធិ៍សាត់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការមើលឃើញពីផលលំបាករបស់ក្រុមហ៊ុនលើការធ្វើពាណិជ្ជកម្មនាពេលបច្ចុប្បន្នផងដែរ។ ក្នុងន័យនេះ ឯកឧត្តម កែវ រតនៈ បានប្រកាសជជែកជាមួយភាគីពាក់ព័ន្ធ ដើម្បីរំលែកការលំបាករបស់ក្រុមហ៊ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអបអរសាទរចំពោះការដាក់ឱ្យដំណើរការសាកល្បងរោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀនៅលើទឹកដីខេត្តពោធិ៍សាត់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រកាសជួយផ្តល់កិច្ចសហការ និងសម្របសម្រួលរាល់បញ្ហារបស់ក្រុមហ៊ុន ដើម្បីឱ្យដំណើរច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដំណើរការប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនមានប្រភពមកពីខេត្តណាហ្គាណូ ប្រទេសជប៉ុន បានចាប់ផ្តើមវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១១ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកាលពីពេលនោះ។ ក្រុមហ៊ុននេះផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហា គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ បច្ចុប្បន្ននេះក្រុមហ៊ុនមានកម្មករ និយោជិតចំនួន ៨,៨០៣នាក់ ស្ត្រី ៧,៨៣៣នាក់។
ផលិតផលរបស់ក្រុមហ៊ុន បាននាំចេញទៅកាន់ប្រទេសជាច្រើននៅតំបន់អាស៊ី អឺរ៉ុប និងអាមេរិកឡាទីនជាដើម។ ទំហំនៃការនាំចេញរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែកញ្ញា មានទឹកប្រាក់ ៣៧៥លានដុល្លារអាមេរិក។ ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជប៉ុនឈានមុខគេ ដែលបានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមីនេបៀ បាននាំមកនូវផលវិជ្ជមានជាច្រើនលើទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយបានបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជាប្រមាណ ៨៧០០កន្លែង ដែលជាលទ្ធផលរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់។
ការវិនិយោគរបស់ក្រុមហ៊ុនមីនេបៀ មិនត្រឹមតែបង្កើតការងារដែលមានលក្ខខណ្ឌល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានជួយត្រួសត្រាយផ្លូវក្នុងការផ្ទេរបច្ចេកវិទ្យា និងជំនាញកម្រិតខ្ពស់ដល់វិស័យឧស្សាហកម្មក្នុងស្រុករបស់កម្ពុជាផងដែរ។ ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យានេះ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មនៅកម្ពុជា ព្រមទាំងលើកកម្ពស់នវានុវត្តន៍នៅប្រទេសកម្ពុជាផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុនមីនេបៀ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការផ្លាស់ប្តូរទិដ្ឋភាពនៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ជាពិសេសក្នុងវិស័យអេឡិចត្រូនិក៕









-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត