ព័ត៌មាន
ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ ចុះអនុស្សរណៈជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត
នាព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”។ ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២៥០ នាក់។

អនុស្សរណៈយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យ ធនាគារ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងនេះជា ២ ដំណាក់កាល ដែលដំណាក់កាលទី១ នឹងអនុវត្តជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា និងដំណាក់កាលទី២ នឹងអនុវត្តជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងទៀតតាមការស្ម័គ្រចិត្ត។
កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំងពីរក្នុងការសហការគ្នា ១/- ទប់ស្កាត់បទល្មើសឆបោក ដោយបន្លំអត្តសញ្ញាណ និង ២/- ជំរុញការធ្វើបរិវត្តកម្មនិងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យធនាគារ និងវិស័យទូរគមនាគមន៍ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា “គំនិតផ្តួចផ្តើមនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត ក្នុងការគ្រប់គ្រងអត្តសញ្ញាណអតិថិជន បានកាន់តែប្រសើរជាងមុន។ ខ្ញុំមានក្តីសង្ឃឹម យ៉ាងមុតមាំថា បន្ទាប់ពីដាក់ចេញនូវយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់ខាងលើនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងការស្វែងរកអត្តសញ្ញាណជនខិលខូចនៅពេលដែលមានករណីបន្លំឆបោកកើតឡើង ហើយជាមួយគ្នានេះក៏បានជួយពង្រឹងភាពជឿទុកចិត្តរបស់សាធារណជនក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព”។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា “ការចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះគឺបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់អំពើឆបោកតាមរយៈការបន្លំអត្តសញ្ញាណ។ ការបិទមិនឱ្យដំណើរការស៊ីមកាតដែលគ្មានអ្នកទទួលខុសត្រូវច្បាស់លាស់ គឺជារឿងចាំបាច់ តែយើងត្រូវធ្វើដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុតទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលបានចូលរួម។ កិច្ចការនេះ ត្រូវការពេលវេលាយ៉ាងតិច ៦ខែ មុខនឹងឈានទៅដល់ការបិទមិនឱ្យដំណើរការស៊ីមកាតដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ។ ក្រោយពីកិច្ចការនេះត្រូវបានបញ្ចប់ រាល់ស៊ីមកាតទាំងអស់នឹងមានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ដែលអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ក្នុងករណីមានអំពើឆបោកកើតឡើង និងជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការប្រើប្រាស់ប្រព័ន្ធឌីជីថល”៕







-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត