ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាស្វាគមន៍អ្នកវិនិយោគទុនបារំាងដែលគ្រោងនាំផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យមកលក់នៅកម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
លោក ហ្រ្វង់ស័រ ហ្គេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ របស់លោកនៅក្នុងឱកាសនេះ។ លោកនាយកក្រុមហ៊ុន បានបង្ហាញក្តីរីករាយ និងអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា និងបានបង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា។
ឆ្លៀតនៅក្នុងឱកាសនោះ លោក ហ្រ្វង់ស័រ ហ្គេស ក៏បានចួលរួមសម្តែងការសោកស្តាយ និងក្តីកង្វល់ជាខ្លំាងជាមួយសម្តេចប្រធាន ក៏ដូចជាមួយពលរដ្ឋកម្ពុជា ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យមានបាត់បង់ជីវិត បង្កផលលំបាកយ៉ាងធ្ងន់ធ្ងរ និងខូចខាតជាច្រើន ដល់ពលរដ្ឋកម្ពុជា។ លោក ហ្រ្វង់ស័រ ហ្គេស មានការជឿជាក់ថា ជ័យជំនះនឹងផ្តល់ជូនអ្នកស្លូតត្រង់ និងត្រឹមត្រូវ។ ទោះជាយ៉ាងណា លោកបានអះអាងថា បញ្ហានៅតាមព្រំដែននេះ មិនមែនជាឧបសគ្គដល់ការវិនិយោគ និងការធ្វើដំណើររបស់គណៈប្រតិភូលោកមកកាន់កម្ពុជា នោះឡើយ។
តាមគម្រោង លោក ហ្រ្វង់ស័រ ហ្គេស នឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ មានដូចជាផលិតផលផ្នែកអនាម័យ សុខភាព សម្ភារៈប្រើប្រាស់ និងគ្រឿងសំអាង មកលក់នៅកម្ពុជា។ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុននឹងនាំទំនិញប្រមាណ៤០០ មុខ ហើយនឹងពង្រីកដល់១ពាន់មុខ នាពេលអនាគត។ អាជីវកម្មរបស់ក្រុមហ៊ុនលោកនឹងផ្តើមដំណើរការនៅដើមឆ្នាំ២០២៦ ឆាប់ៗនេះ។ លោកបានបញ្ជាក់ថា ទំនិញទំាងអស់នឹងនាំចេញពីរោងចក្រផ្ទាល់នៅប្រទេសបារំាង ហើយការនាំចេញផ្ទាល់ពីរោងចក្រមកលក់លើទីផ្សារកម្ពុជានេះ នឹងធ្វើឱ្យតម្លៃលក់នៅកម្ពុជា ប្រហាក់ប្រហែលនឹងការលក់នៅលើទីផ្សារក្នុងប្រទេសបារំាងដែរ។
សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ និងមានសេចក្តីសោមនស្សរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូក្រុមវិនិយោគិនបារាំង ដែលអញ្ជើញមកបណ្តាក់ទុននៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា ការវិនិយោគនេះ គឺស្របពេលដែលសភាពាណិជ្ជកម្ម និងឧស្សាហកម្មរបស់បារាំងនៅកម្ពុជាទើបបានផ្សព្វផ្សាយសៀវភៅមគ្គុទេ្ទសក៍ស្តីពី “ការធ្វើធុរកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ២០២៥-២០២៦) កាលពីខែវិច្ឆិកាកន្លងទៅ។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អ និងជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងបារំាង។ ក្នុងរយៈពេលចុងក្រោយ ទំនាក់ទំនងនេះបានវិវឌ្ឍន៍ឈានឡើងគួរកត់សម្គាល់ និងបានក្លាយជា ភាពជាដៃគូដ៏រឹងមាំ និងធន់។ ទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំងនឹងត្រូវដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងពេលឆាប់ៗ ខាងមុខនេះ។
សម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋបារំាងមានមនោសញ្ចេតនាជិតស្និទ្ធជាមួយគ្នា។ ពលរដ្ឋកម្ពុជាមានការជឿជាក់លើសេវាកម្ម និងគុណភាពផលិតផលរបស់បារំាង ដូចជាវិស័យសុខាភិបាលជាដើម។ សម្តេចបានលើកឡើងថា ការវិនិយោគនៅពេលនេះ ជាពេលវេលាដ៏សមស្របមួយ ដោយហេតុថា ពលរដ្ឋកម្ពុជាត្រូវការផលិតផលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ មកប្រើប្រាស់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តបារាំង ក្នុងនោះវិស័យធុរកិច្ច និងវិនិយោគិនបារាំង ដែលបានរួមចំណែកបង្កើត និងផ្តល់ការងារ ផ្លាស់ប្តូរជំនាញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។ បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជាផងដែរ។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន ៥១៥.២១ លានដុល្លារអាមេរិក ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង ២០៦ លានដុល្លារអាមេរិក។ សម្តេចបានបញ្ជាក់ថា ទោះជាទំហំពាណិជ្ជកម្មទ្វេភាគីមានលក្ខណៈល្អប្រសើរយ៉ាងណាក្តី ក៏ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលគណៈប្រតិភូអាចសម្លឹងមើលឃើញ និងគួរជំរុញបន្ថែមទៀត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបអ្នកវិនិយោគបារំាងថា រដ្ឋសភាកម្ពុជា បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់បរិយាកាសវិនិយោគ អាជីវកម្ម និងពាណិជ្ជកម្ម តាមរយៈការកសាង និងអនុម័តនូវលិខិតបទដ្ឋានគតិយុត្ត ច្បាប់សំខាន់ៗ ព្រមទាំងការតាមដានត្រួតពិនិត្យ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។ សម្តេចបានលើកទឹកចិត្តថា សូមឱ្យអ្នកវិនិយោគបរទេសកុំសម្លឹងកម្ពុជា ត្រឹមតែកម្ពុជា។ សូមសម្លឹងមើលកម្ពុជាឱ្យហួសពីកម្ពុជា ពេលនោះនឹងឃើញថា កម្ពុជាមានវិសាលភាព និងសក្តានុពលធំទូលាយ។ កម្ពុជា គឺជាច្រកចូលទៅតំបន់មេគង្គ អាស៊ី អាគ្នេយ៍ និងតំបន់ដទៃផ្សេងទៀត។ ក្នុងនាមជាសមាជិកអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណជា ៧០០លាននាក់ និងសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) ដែលមានប្រជាពលរដ្ឋប្រមាណជាង ១ ពាន់លាននាក់ ប្រការនេះធ្វើឱ្យកម្ពុជាមានសក្តានុពល និងលទ្ធភាពចូលទៅក្នុងទីផ្សារយ៉ាងទូលំទូលាយ៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន7 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន7 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន7 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
PR NEWS21 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា