ព័ត៌មាន
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា សម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ
ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានអះអាងថា ឯកឧត្ដមមានការបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់ពលរដ្ឋស្លូតត្រង់នៃប្រទេសទំាងពីរ។
នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានពិភាក្សាគ្នាដោយត្រង់ និងបើកចំហក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់មកហើយ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ សំដៅធ្វើយ៉ាងណានាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទំាងសងខាង ក៏ដូចជាជូនប្រជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោកផងដែរ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការដាក់ស្ថានទូតប្រទេសកាណាដាប្រចាំកម្ពុជាជាថ្មីឡើងវិញ កាលពីខែមីនា ឆ្នាំ២០២៥ គឺជាសញ្ញាណវិជ្ជមានដ៏សំខាន់ បង្ហាញពីការប្តេជ្ញាចិត្ត ការជឿជាក់ និងស្របតាមយុទ្ធសាស្រ្ត គោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកាណាដាចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាសម្រាប់កម្ពុជា នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ។
សម្តេចរដ្ឋសភាធិបតី មានជំនឿមុតមំាថា នៅក្នុងអាណត្តិការទូតរបស់ ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទំាងពីរ កាន់តែរីកចម្រើន និងរឹងមាំឡើង ទំាងការងារការទូតសភា និងវិស័យផ្សេងៗទៀតដូចជាការអប់រំ ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន។ ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ផ្អែកលើភាពស្មោះត្រង់ និងការជឿជាក់គ្នាទៅវិញទៅមកដោយយកពលរដ្ឋជាស្នូល។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថា កាណាដាជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។ កាណាដាបានរួមចំណែកជួយការងាររដ្ឋសភាកម្ពុជា តាំងពីឆ្នាំ១៩៩៣ មក។ ក្នុងរយៈពេលចុងក្រោយនេះ កាណាដាបានផ្តល់នូវជំនួយអភិវឌ្ឍន៍ជាទឹកប្រាក់ប្រមាណ ២៣.១ លានដុល្លារសម្រាប់ឆ្នាំ២០២២-២០២៣។ ចំណែកពាណិជ្ជកម្មវិញ កាណាដាបាននាំចូលទំនិញដ៏ធំច្រើនសន្ធឹកសន្ធាប់ពីកម្ពុជា ដែលក្នុងនោះភាគច្រើនគឺសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ និងកាបូប ជាដើម។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរសម្រាប់ឆ្នាំ២០២៥ ក្នុងរយៈពេល ៣ ត្រីមាសដំបូង បានកើនលើស ១ ពាន់លានដុល្លារអាមេរិក ដោយឡែកនៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសម្រេចបានដល់ ២,៤ ពាន់លានដុល្លារ ដែលនេះជាសញ្ញាណវិជ្ជមានដ៏ល្អ និងបញ្ជាក់ច្បាស់អំពីលទ្ធភាពនៃការពង្រីកពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម គ្រីស្ទាន ដេសរ៉ូស បានសម្តែងការកោតសរសើរពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា។ ឯកឧត្តម លើកឡើងថា កម្ពុជាជាប្រទេសគំរូមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានផ្តល់តួនាទីសំខាន់ៗជូនស្រ្តី ដូចជាតួនាទីប្រធានរដ្ឋសភា រដ្ឋមន្រ្តី និងប្រធានស្ថាប័នជាច្រើនទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញ ពីសមិទ្ធផល និងគម្រោងជាច្រើនដែលកាណាដាបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ កាណាដាបានត្រៀមលក្ខណៈជាស្រេចនៅក្នុងការជួយនិងគំាទ្រកម្ពុជា ក្នុងការរៀបបចំកិច្ចប្រជុំកំពូលលើកទី២០ ហ្រ្វង់កូហ្វីនី នៅឆ្នាំ២០២៦ ខាងមុខ ហើយនៅពេលនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីកាណាដា និងធុរជនកាណាដានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីកាណាដា នៅកម្ពុជា នាពេលខាងមុខ។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វីនី របស់ ឯកឧត្តមនាយកដ្ឋមន្រ្តីកាណាដានៅកម្ពុជាគឺជាទំព័រថ្មីមួយ ដែលនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំ ទំាងកម្រិតទ្វេភាគី និងពហុភាគី។ សម្តេចបានកត់សម្គាល់ថា ទោះបីកាណាដានៅឆ្ងាយពីកម្ពុជាក្តី តែមនោសញ្ចេតនាប្រជាពលរដ្ឋប្រទេសទំាងពីរមានលក្ខណៈស្និទ្ធស្នាលបំផុត។
ឆ្លើយតបការបារម្ភពីជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកើតពីការឈា្លនពានរបស់ប្រទេសថៃមកលើកម្ពុជានោះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តាមពិតទៅជម្លោះព្រំដែនរវាងប្រទេសទំាងពីរបានកើតមានជាយូរមកហើយ ដោយសារការប្រើប្រាស់ផែនទីខុសគ្នា។ កម្ពុជាប្រើប្រាស់ផែនទីដែលអន្តរជាតិទទួលស្គាល់ ចុះហត្ថលេខាទទួលស្គាល់ដោយបារាំងនិងសៀម។ ចំណែកថៃប្រើប្រាស់ផែនទីឯកតោភាគី។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា ដោយធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជាបានស្គាល់រស់ជាតិឈឺចាប់ និងវិនាសកម្មពីភ្លើងសង្រ្គាម ដូច្នេះហើយបានជាកម្ពុជាប្រកាន់យកភាពអត់ធ្មត់ ស្វែងរកដំណោះស្រាយដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា គោរពច្បាប់អន្តរជាតិ និងដោយសារមិនចង់ឱ្យពលរដ្ឋទាំងសងខាងរងគ្រោះ ទទួលការលំបាកពីភ្លើងសង្រ្គាម។ ប៉ុន្តែភាគីថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា បើកការវាយប្រហារមកលើកម្ពុជាជាញឹកញាប់។
សម្តេចបានសង្កត់ធ្ងន់ថា ការឈ្លានពានចុងក្រោយរបស់ថៃ មកលើអធិបតេយ្យកម្ពុជាមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ធ្វើឱ្យពលរដ្ឋស្លូតត្រង់ជាជនស៊ីវិលស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់៕

-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត