ព័ត៌មាន
សហគ្រិនកម្ពុជាមានពិការភាព ២០នាក់ បានលិខិតទទួលស្គាល់ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក
ក្រសួងពាណិជ្ជកម្មកកម្ពុជា បានប្រគល់លិខិតជូនដល់សហគ្រិនកម្ពុជាមានពិការភាពចំនួន ២០នាក់ ចំពោះការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក ដែលមានសុពុលភាពរយៈពេល១០ឆ្នាំ ដោយមិនគិតថ្លៃ តាមរយៈគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ ដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម និងដើម្បីពង្រឹងអាជីវកម្មឱ្យរីកចម្រើនបន្តទៀត។
លោក អាឌ្រៀន ហ្គីលប៊ឺត (Adrian Gilbert) នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ក្នុងពិធីបិទ“ការអនុវត្តគម្រោង RT4D ដោយផ្តោតលើកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” នារសៀលថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤កន្លងទៅ បានឲ្យដឹងថា នេះជាគម្រោងទី១ ដែល RT4D បានចូលរួមអនុវត្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជួយដល់សហគ្រិនមានពិការភាពនៅកម្ពុជា។ លោកបន្តថា គម្រោងនេះ គឺជាការប្តេជ្ញាចិត្តរបស់ RT4D ក្នុងការគាំទ្រកម្ពុជា ដើម្បីអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដោយបានផ្តោតការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា។ គម្រោងនេះដែរ នឹងជួយពង្រីកឱកាសផ្នែកសេដ្ឋកិច្ច ជំរុញឱ្យមានការឱ្យតម្លៃនិងបរិយាបន្ន និងផ្តល់សិទ្ធិអំណាចដល់បុគ្គលដែលជាសហគ្រិនមានពិការភាពឱ្យទទួលបានភាពរីកចម្រើន និងអាចចូលរួមចំណែកដល់សង្គមជាតិបាន។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការចូលរួមអនុវត្តគម្រោងនេះ គឺឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹង និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រិនកម្ពុជា។ ឯកឧត្តម បានបន្តថា ដូចដឹងហើយថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាបើកច្រកទីផ្សារថ្មីៗ ដើម្បីអាចនាំចេញទំនិញរបស់កម្ពុជាឱ្យបានកាន់តែទូលាយ ព្រមជាមួយការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ដែលនឹងជំរុញឱ្យកម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការនាំចេញទំនិញកាន់តែច្រើនទៅតាមគោលដៅនៃឯកទេសនីយកម្ម នៃទំនិញដែលកម្ពុជាផលិតបានទៅកាន់ទីផ្សារទាំងអស់នោះ។

អ្នកស្រី ឆា ស្រីនាង ម្ចាស់អាជីវកម្មផ្នែកម្ហូបអាហារ នាងច្នៃ និងអ្នកស្រី ឃួន សុជាតា ម្ចាស់អាជីវកម្មលក់កូនឈើ យីហោ ម៉ាក់តាតា ជាសហគ្រិនមានពិការភាពជើងដូចគ្នា បានឲ្យដឹងស្រដៀងគ្នាថា ពិតជាមានអារម្មណ៍ថា រំភើបចិត្ត និងសប្បាយរីករាយ ដែលទទួលបានការយកចិត្តពីសំណាក់រដ្ឋាភិបាលផង និងជាពិសេសគម្រោង RT4D ដែលធ្វើឲ្យពួកគាត់បានយល់ដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ទៅប្រកបអាជីវកម្មរបស់ខ្លួនដើម្បីអភិវឌ្ឍផលិតផល និងពង្រឹងការកសាងកេរ្តិ៍ឈ្មោះម៉ាកនៅក្នុងទីផ្សារឱ្យកាន់តែរឹងមាំបន្ថែមទៀត។
គម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) គឺជាបច្ច័យកើតចេញពីកិច្ចព្រមព្រៀងអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលផ្តល់ការគាំទ្រផ្នែកពាណិជ្ជកម្ម និងវិនិយោគ សម្រាប់រដ្ឋជាសមាជិកអាស៊ាន តាមរយៈគម្រោង RT4D ។ ដោយឡែក សហគ្រិនមានពិការភាពដែលបានចូលរួមគម្រោងនេះ ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងវាគ្មិនជំនាញផ្សេងៗ លើប្រធានបទមួយចំនួនរួមមាន៖ មូលដ្ឋានគ្រឹះទស្សនទាននៃកម្មសិទ្ធិបញ្ញា, ការចែករំលែកអាជីវកម្មជោគជ័យ តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញា, ការរស់នៅប្រសើរជាមួយនឹងពិការភាព, ការអភិវឌ្ឍផលិតផល, ទស្សនទាននៃការច្នៃនិម្មិតសញ្ញា, និងប្រសិទ្ធភាព នៃការវេចខ្ចប់ផលិតផលជាដើម៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧