ព័ត៌មាន
ភាពជាដៃគូ អូស្រ្តាលី-កម្ពុជា ពង្រីកការផ្គត់ផ្គង់ទឹកស្អាតដែលធន់នឹងអាកាសធាតុដល់ពលរដ្ឋចំនួន ១០.០០០ នាក់ក្នុងខេត្តកំពង់ធំ
ស្ថានទូតអូស្ត្រាលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ឱ្យដំណើរការស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតថ្មី ដែលធន់នឹងអាកាសធាតុ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅដល់ប្រជាពលរដ្ឋជាង ១០.០០០ នាក់។
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុង គ្រួសារ រួមទាំងដល់សាលារៀនចំនួន៤ និងមណ្ឌលសុខភាពចំនួន១ មូលដ្ឋាន នៅក្នុង ៧ ភូមិ ដែលរួមចំណែកដល់ គោលដៅរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ព្រមទាំងពង្រឹងភាពធន់សហគមន៍ទៅនឹងគ្រោះទឹកជំនន់ និងរាំងស្ងួត។
ការវិនិយោគនេះជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងរវាងអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ដោយបានគាំទ្រប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាង ៩០ កន្លែងនៅទូទាំងប្រទេស និងបានជួយពលរដ្ឋកម្ពុជាជាង ១,២ លាននាក់ ឱ្យទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងថ្លៃសមរម្យ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានសុវត្ថិភាព ថ្លៃសមរម្យ និងធន់នឹង អាកាសធាតុ ក្រោមការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលីដល់វិស័យឯកជន ហើយក៏ជានិម្មិតរូបមួយនៃភាពរីកចម្រើននៃចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ។
អូស្ត្រាលីអនុវត្តវិធីសាស្ត្រហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញការវិនិយោគឯកជន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទៅកាន់តំបន់ ដែលកន្លងមកត្រូវបានមើលឃើញថាមិនមានសក្តានុពលសម្រាប់អាជីវកម្ម។ ការផ្តល់បដិភាគថ្លៃសេវាតំណភ្ជាប់បណ្តាញទឹកស្អាតសម្រាប់ប្រជាជនដែលកាន់បណ្ណក្រីក្រ និងស្ថាប័នសាធារណៈជួយឱ្យសហគមន៍ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធទាំងនេះប្រកបដោយសមធម៌។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ “ការទទួលបានទឹកស្អាតដែលអាចទុកចិត្តបានជាមូលដ្ឋានគ្រឹះនៃសុខុមាលភាព ផលិតភាព និងកំណើនសេដ្ឋកិច្ច។ អូស្ត្រាលីកំពុងជួយដល់ប្រតិបត្តិករឯកជន ក្នុងការផ្តល់សេវាក្នុងតំបន់ដែលមិនទាន់មានទឹកស្អាត ព្រមទាំងធានាថាគ្រួសារក្រីក្រអាចទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃសមរម្យ។ រោងចក្រទឹកស្អាតថ្មីនេះនឹងជួយលើកកម្ពស់សុខមាលភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង កាត់បន្ថយភាពងាយរងគ្រោះពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងបង្កើតឱកាសថ្មីសម្រាប់គ្រួសារទទួលផលនៅក្នុងខេត្តកំពង់ធំ។”
ប្រមាណ ៥៥ ភាគរយនៃភូមិទាំងអស់របស់កម្ពុជាទទួលបានសេវាផ្គត់ផ្គត់ទឹកស្អាត។ សម្រាប់ខេត្តកំពង់ធំ ការផ្គត់ផ្គង់ទឹកស្អាតគ្របដណ្តប់ប្រមាណ ៤៨ ភាគរយនៃភូមិទាំងអស់ ហើយការពង្រីកបណ្តាញ និងសេវាកំពុងធ្វើឡើងជាបន្តបន្ទាប់។
លោកស្រី មាស សុខា អាជីវកររស់នៅក្នុងស្រុកតាំងគោក បានលើកឡើងថា៖ “ខ្ញុំមានអណ្តូងមួយ ដែលគ្រួសារជាច្រើនប្រើទឹកអណ្តូងនេះ ហើយពេលខ្លះ ទឹកអណ្តូងក៏រីងអស់។ ពីមុនខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីបូមទឹកពីអណ្តូងសម្រាប់ការលក់ដូររបស់ខ្ញុំ។ ឥឡូវ ខ្ញុំលែងបារម្ភពីការខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ ព្រោះមានបណ្តាញផ្គត់ផ្គង់ទឹកស្អាតចូលដល់ផ្ទះ និងជួយឱ្យការលក់ដូររបស់ខ្ញុំកាន់តែងាយស្រួល។”
អូស្រ្តាលីបាន និងកំពុងសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រីកសេវាកម្មទឹកស្អាតដែលមានតម្លៃសមរម្យ និងទុកចិត្តបាននៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់៕






-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង