Connect with us

ព័ត៌មាន

រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់ក្នុងខេត្តកំពង់ស្ពឺនឹងជួយបង្កើតឱកាសការងារ និងលើកស្ទួយវិស័យកសិកម្ម

កំពង់ស្ពឺ៖ រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ នៃស្រូវផ្កាម្លិះ ដែលបានចំណាយដើមទុនប្រមាណជិត ១០លានដុល្លារ និងមានសមត្ថភាពផលិតបានប្រេងឆាក្នុងរង្វង់៥០តោន ក្នុងមួយថ្ងៃ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងជួយបង្កើតជាការងារដល់ប្រជាពលរដ្ឋ និងជួយលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ឆែន ច័ន្ទដារ៉ា អគ្គនាយកក្រុមហ៊ុនប្រេងកន្ទក់កម្ពុជា បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ស្រូវ ក្នុងកម្រិតមធ្យម ជាលើកដំបូងក្នុងខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្ម នាដើមខែធ្នូខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ពលរដ្ឋកម្ពុជា សម្រាប់ចម្អិនម្ហូបអាហារប្រចាំថ្ងៃក្នុងផ្ទះបាយ ។

លោកបានបន្តថា ជាជំហានទី១ បច្ចុប្បន្នរោងចក្រនេះ គឺកំពុងមានទីតាំងមួយទៀត នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង មានលទ្ធភាពចម្រាញ់ប្រេងបានក្នុងរង្វង់ពី៦ ទៅ១០តោន ក្នុងមួយថ្ងៃ ដោយបានប្រមូលទិញវត្ថធាតុដើមមកពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ហើយចំពោះផលិតដែលចម្រាញ់ គឺបានផ្គត់ផ្គង់ទៅតាមទីផ្សារក្នុងស្រុក និងមួយផ្នែកតូចនាំចេញទៅក្រៅប្រទេស ។

លោក ឆែន ច័ន្ទដារ៉ា បានបញ្ជាក់ថា ដោយមានសម្ទុះនៃការគាំទ្រផលិតផលខ្លាំងជាងមុន ធ្វើឱ្យក្រុមហ៊ុនប្រឈមក្នុងការផ្គត់ផ្គង់ និយាយជារួម គឺការផលិតនៅមានប្រមាណទាបមិនអាចបំពេញតម្រូវការទីផ្សារបាន ទើបសម្រេចចិត្តពង្រីករោងចក្របន្ថែម ដោយជ្រើសយកខេត្តកំពង់ស្ពឺជា ខេត្តគោលដៅបន្តាប់ ដើម្បីផលិតឆ្លើយតបឱ្យទាន់តម្រូវការនេះ ក្នុងនោះក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាថ្មី ដែលមានសមត្ថភាពចម្រាញ់ប្រេងកន្ទក់ បានក្នុងមួយថ្ងៃ៥០តោន លើវត្ថធាតុដើមកន្ទក់ប្រមាណជាង២០០តោន ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសាទរ ចំពោះវត្តមានរោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាស្នាដៃកូនខ្មែរ បន្ទាប់ពីរោងចក្រដំបូងបានកើតនៅក្នុងខេត្តបាត់ដំបង ។ សក្ខីភាពនេះបានបញ្ជាក់ឱ្យឃើញថា កូនខ្មែរពិតជាមានសមត្ថភាពមិនចាញ់ប្រទេសជៀនលឿនឡើយ ដែលអាចផលិតប្រេងឆាពីកន្ទក់ហើយនាំទៅលក់ប្រគួតប្រជែងលើទីផ្សារបរទេសទទួលបានការគាំទ្រខ្លាំង រហូតពង្រីករោងចក្ររបស់ខ្លួនបន្ថែម ដោយចំណាយដើមទុនរាប់លានដុល្លារ និងបង្កើតឱកាសការងារដល់ពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ជិត១០០នាក់ទៀតផង ។

ជាមួយនិងការពង្រីករោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់នេះ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់ក្រុមហ៊ុនប្រេងកន្ទក់កម្ពុជា ត្រូវប្រើប្រាស់ឱ្យអស់សក្តានុពលក្នុងខេត្ត មុននឹងមានការនាំចូលមកពីតាមខេត្តនានា ការផលិត ឬចម្រាញ់ ត្រូវធ្វើទៅតាមស្តង់ដារបច្ចេកទេស និងអង្គការសុខភាពពិភពលោក ជៀសវាងការបង្កផលប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia