ព័ត៌មាន
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាមិនទាន់ទទួលរងការបំពុល ហើយមិនបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ
កម្ពុជាមិនមែនបំពុលខ្យល់ដល់ប្រទេសណាឡើយ ខណៈវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ត្រូវបានផ្សព្វផ្សាយនិងពង្រឹងការអនុវត្តនៅទូទាំងប្រទេស។ នេះជាការលើកឡើងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ ដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុងពោធិ៍សាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យពោធិ៍សាត់។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ក្នុងនោះយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ បានចាប់ផ្ដើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាមួយគ្នានេះ ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។
ជាក់ស្តែងក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះទេ។ កន្លងមកនេះ ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍ និងស្ថានីយតាមដានគុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៤៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់តាមផ្កាយរណប ចំនួន១ ទីតាំង។ លើសពីនេះ ក្រសួងបរិស្ថានមានរថយន្តត្រួតពិនិត្យគុណភាពខ្យល់ ចល័តចំនួន៣គ្រឿងសម្រាប់ចុះត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស។
ឧបករណ៍ និងស្ថានីយទាំងអស់ បានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មានគុណភាពល្អ អនុលោមតាមកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ របស់ជាតិ ដែលភាគល្អិតនិចល PM 2.5 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង មានការប្រែប្រួល ពី ១០ µg/m3 ទៅ៣៧ µg/m3 ខណៈស្តង់ដាគុណភាខ្យល់ជាតិត្រូវបានកំណត់ យក ៥០ µg/m3។ លើសពីនេះ កម្ពុជាមិនដែលលាក់ព័ត៌មានស្តីពីគុណភាពខ្យល់សាធារណៈនោះទេ។ ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំនិងដោយផ្ទាល់ក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោង ក្នុងប្រទេសកម្ពុជា លើវេបសាយរបស់ក្រសួងបរិស្ថាន https://airquality.moe.gov.kh/home និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន និងរបស់មន្ទីរបរិស្ថានទូទាំងប្រទេស រួមជាមួយសារព័ត៌មានមួយចំនួនបន្ថែមទៀត។
សូមបញ្ជាក់ថាការចុះផ្សព្វផ្សាយជំរុញសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ នាពេលនេះ បានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២០ សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តគោលដៅមួយចំនួនទៀត ចាប់ពីខែមករាដល់ខែ មេសា ឆ្នាំ២០២៦។
ក្រសួងបរិស្ថានស្នើសុំឱ្យមានការចូលរួមពីសាធារណជន បន្តចូលរួមអនុវត្តវិធានការ តាមសារាចរណែនាំលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់