Connect with us

ព័ត៌មាន

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះ១ខ្នងជូនគ្រួសារមានជីវភាពខ្វះខាត និងសមាជិកគ្រួសារច្រើន

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជូនដល់គ្រួសារលោកយាយ ទេស ប្រាង្គ អាយុ៩៩ឆ្នាំ មានជំងឺរ៉ាំរៃ មានជីវភាពក្រីក្រខ្លាំង និងមានសមាជិកគ្រួសារច្រើន ព្រមទាំងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រចំនួន៥០គ្រួសារ មកពី៥ភូមិ ក្នុងឃុំតាប៉ុន ដែលពិធីនេះធ្វើឡើងនៅផ្ទះលេខលេខទី២៥ ស្ថិតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ ។

ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះម្ចាស់ផ្ទះថ្មី ក៏ដូចជាលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ដោយសម្តេចតែងតែគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាលបំផុត ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឯកឧត្តម សុខ លូ ផ្តាំផ្ញើដល់គ្រួសារទទួលបានផ្ទះថ្មីសូ មថែរក្សាឱ្យបានគង់វង្សឋិតឋេរយូរអង្វែងសម្រាប់កូនចៅតទៅមុខទៀត។ឯកឧត្តម បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ សម្អាតបរិស្ថាន ជាពិសេសប្រុងប្រយ័ត្នពីជំងឺមិនឆ្លងដូចជា ជំងឺលើស ឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ការទទួលទានអាហារដែលគ្មានសុវត្ថិភាព ឬប្រើជាតិគីមី និងការទទួលទានគ្រឿងស្រវឹង។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែង តែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia