ព័ត៌មាន
កម្ពុជា-ឥណ្ឌូណេស៊ី ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរដើម្បីលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋទាំងសងខាង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជំរុញសាធារណរដ្ឋឥណ្ឌូណេស៊ី បន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរីកចម្រើន រឹងមាំបន្ថែមទៀត ក្នុងការលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋទំាងសងខាង។ សម្តេចបានគូសបញ្ជាក់ថារដ្ឋសភា តំណាងឱ្យពលរដ្ឋ ដូច្នេះការភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរគឺជាការភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកវិស័យនានា មានដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងអប់រំជាដើម ដែលសុទ្ធសឹងជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភាបានលើកសំណើបែបនេះក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារនិងជម្រាបលា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលឯកឧត្តមឯកអគ្គរដ្ឋទូត សម្រេចបានគួរជាទីមោទនៈ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី ឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទូលំទូលាយ ជាពិសេស ការផ្សារភ្ជាប់ផ្នែកធុរកិច្ច និងការផ្លាស់ប្តូរ វប្បធម៌ និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ។
ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារនិងអនុញ្ញាតដល់ឯកឧត្តម បានចូលជម្រាបលានៅក្នុងឱកាសនេះ។ ឯកឧត្តមបានអរគុណសម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏ដូចជារដ្ឋសភាទំាងមូល ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឥណ្ឌូណេស៊ីនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តទទួលបានជោគជ័យ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានយល់ស្របជាមួយសម្តេចប្រធានរដ្ឋសភា អំពីសារៈសំខាន់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិរដ្ឋសភាប្រទេសទំាងពីរ នៅក្នុងការជំរុញនិងលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋទំាងសងខាង។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមគឺបានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៅក្នុងនោះវិស័យពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូណេស៊ី បានកើនឡើងដល់ជាង១ពាន់លានដុល្លារ។ ឥណ្ឌូណេស៊ីនឹងជំរុញបន្ថែមលើការនាំចូលផលិតផលពីកម្ពុជានិងជំរុញអ្នកវិនិយោគនិងអ្នកទេសចរមកកម្ពុជាបន្ថែមទៀតនិងបន្តគំាទ្រដល់វិស័យកសិកម្មនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំសមាគមអតីតនិស្សិតកម្ពុជារៀននៅឥណ្ឌូណេស៊ី ដែលសមាគមនេះគឺជាវេទិកាដ៏សំខាន់សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌូណេស៊ីទាំងអស់ អាចមកជួបជុំគ្នា ចែករំលែកបទពិសោធ និងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងបន្ថែមចំណងមិត្តភាពនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមក៏សន្យាថានឹងជំរុញបន្ថែមឱ្យមានការលើកកម្ពស់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ពិសេសនៅក្នុងក្របខ័ណ្ឌក្រុមមិត្តភាពរដ្ឋសភាប្រទេសទំាងពីរ។

ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការបន្តផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតទៅវិញទៅមក ជាពិសេស ទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៥ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅឆ្នាំ២០២៥។
ឥណ្ឌូណេស៊ី ជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏គួរឱ្យទុកចិត្ត។ ចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឈរលើភាពស្មោះត្រង់ លើការជឿទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ឥណ្ឌូណេស៊ីបានរួមចំណែកស្វែងរកសុខសន្តិភាពនិងបានគំាទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា រហូតមក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះអនុព័ន្ធយោធាឥណ្ឌូណេស៊ី ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាដល់ការអនុវត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ វិលទៅប្រក្រតីភាពឡើងវិញ ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទំាងពីរប្រទេស ក៏ដូចជាបំណងប្រាថ្នារបស់អាស៊ាននិងពិភពលោក ផងដែរ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាក្នុងនាមជាប្រទេសធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី បានបង្ហាញនូវតួនាទីជាអ្នកដឹកនាំគំរូ តាមរយៈការប្រកាន់ខ្ជាប់នូវការគោរពបទដ្ឋានអន្តរជាតិ និងការគោរពធម្មនុញ្ញាអាស៊ាន ។ ក្នុងស្មារតីនេះហើយ គឺជាស្នូល និងជាគោលបំណងពិតប្រាកដរបស់អាស៊ាន ដែលសមាជិកទាំងអស់មិនថាជាប្រទេសតូច ឬធំ មានសិទ្ធិស្មើគ្នា គោរពបូរណភាពទឹកដី និងអធិបតេយ្យនៃប្រទេសនីមួយៗ។
ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីនៅតែចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតបានយល់ ដូចគ្នាថា សង្រ្គាមមិនមានអ្នកឈ្នះនោះឡើយ ផ្ទុយទៅវិញមានតែសន្តិភាពទេ ដែលភាគីទំាងពីរឈ្នះឈ្នះទំាងអស់គ្នា៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់