ព័ត៌មាន
អ្នកបុរាណវិទូ សនិ្នដ្ឋានបឋមផ្អែកលើវត្ថុសិល្បៈ៖ សា្ថនីយទួលកោះត្រាច និងទួលកំណប់ ឋិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ
លោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះថា ដោយផ្អែកទៅលើវត្ថុសិល្បៈ ដែលរកឃើញកំឡុងពេលកំណាយ និងវត្ថុសិល្បៈ ដែលសេសសល់ខាងលើទីតាំងផ្ទាល់ សា្ថនីយទួលកោះត្រាច និងទួលកំណប់ (ប្រាសាទឥដ្ឋ) មានសម្មភាពរបស់មនុស្សនៅទីនោះ តាំងពីសម័យមុនអង្គរ និងបន្តមកសម័យអង្គរ។

លោក ឡេង វិទូ បានលើកឡើងទៀតថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ធ្វើកំណាយសង្រ្គោះទួលកោះត្រាច បានចាប់ផ្តើមកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយមានមន្រ្តីនៃការិយាល័យស្រាវជ្រាវរុករក, ការិយាល័យវិភាគពិសោធន៍ ចំនួន៦រូប និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ ចំនួន៤រូប ដើម្បីធ្វើកំណាយសង្គ្រោះនៅស្ថានីយទួលកំណប់ ស្ថិតនៅភូមិកៀន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្នុងការងារធ្វើកំណាយសង្រ្គោះនេះ ក៏មានកិច្ចសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងភូមិកោះជុំផងដែរ។

ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានបន្តថា គោលបំណងក្នុងការធ្វើកំណាយសង្រ្គោះនេះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់ទួលកោះត្រាច ដែលរងការខូចខាតដោយជនខិលខូច លួចជីកទួលបុរាណ(ប្រាសាទឥដ្ឋ) ក្រោយមកក៏មានការឈូសធ្វើផ្លូវលំមួយខ្សែ ដែលធ្វើកាត់ទួលពីទិសខាងជើង ទៅទិសខាងត្បូង ដែលធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ។ ក្រោយពីបានចុះធ្វើការអង្កេតយ៉ាងល្អិតល្អន់ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានធ្វើកំណាយចំនួន៣រណ្តៅ ដើម្បីស្វែងយល់ពី វិសាលភាព នៃប្រាសាទឥដ្ឋ (ទួលកំណប់) និងទំនាក់ទំនងក្នុងការប្រើប្រាស់រវាងទួលកោះត្រាច។ ជាលទ្ធផលយើងបានរកឃើញទួលប៉មប្រាសាទឥដ្ឋមួយ និងកម្រាលឥដ្ឋ ដែលភ្ជាប់ពីក្លោងទ្វារ នៃប្រាសាទឥដ្ឋ ទៅជ្រុងខាងកើតឆៀងឦសាន។ ដូចដែលបានរៀបរាប់ខាងលើផ្លូវលំមួយខ្សែ ដែលធ្វើកាត់ទួលពី ទិសខាងជើង ទៅទិសខាងត្បូង គឺស្ថិតលើកម្រាលឥដ្ឋ ដែលយើងបានរកឃើញ។ ដូច្នេះយើងបានស្នើសុំឲ្យមានការធ្វើផ្លូវវាង ដើម្បីបញ្ចៀសផលប៉ះពាល់ទៅលើរចនាសម្ព័ន្ធប្រាសាទ ហើយយើងក៏ទទួលបានការឯកភាពជាគោលការណ៍ពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់រួចរាល់។
– ក្រៅពីរចនាសម្ព័ន្ធប្រាសាទ ក៏យើងបានរកឃើញសំណាកបុរាណវិទ្យាផ្សេងៗទៀតដែរ មានដូចជា៖ កុលាលភាជន៍ ថ្មសំលៀង បំណែកថ្មភក់ ដែលជាគ្រឿងបង្គុំស្ថាបត្យកម្ម។
– ក្នុងការងារកំណាយសង្រ្គោះខាងលើនេះ នាយកដ្ឋានបុរាណវិទ្យាក៏បានធ្វើការបណ្តុះបណ្តាលនិស្សិតបុរាណវិទ្យាឆ្នាំទី២ ចំនួន៤រូប ដែលមកពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ។
– យើងក៏បានធ្វើការបោះបង្គោល ការងារបេតិកភណ្ឌទៅលើទួលទាំងពីរខាងលើ និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុក និងអញ្ជើញសិស្សានុសិស្សសាលាមកទស្សនា ដើម្បីពន្យល់ពីវិសាលភាព និងសក្តានុពលបុរាណវិទ្យា ដែលជាកេរ្តិ៍មរតកដូនតា ដែលមានក្នុងភូមិពួកគាត់។

ជាចុងក្រោយលោក ឡេង វិទូ បានបញ្ជាក់ផងដែរថា វត្ថុសិល្បៈដែលបានរកឃើញដូចជា គ្រឿងបង្គុំសំណង់របស់គ្រឹះប្រាសាទ ដូចជា៖ ថ្មភក់ យើងប្រគល់ជូនទៅមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បន្តធ្វើការអភិរក្ស ថែរក្សាទុកនៅក្នុងសារមនី្ទរខេត្តពោធិ៍សាត់។ ដោយឡែកវត្ថុសិល្បៈមួយចំនួន ដូចជា កុលាលភាជន៍ យើងមកធ្វើការជួសជុលអភិរក្ស ថែរក្សាទុកនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំណែកសំណាកមួយចំនួនទៀត ដូចជា៖ ធ្យូង នឹងបញ្ជូនទៅវិភាគនៅក្រៅប្រទេស ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីអាយុកាល នៃគ្រឹះប្រាសាទទួលកោះត្រាច៕ 




អត្ថបទ: រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧