ព័ត៌មាន
អនុប្រធានទី១ CDC លើកទឹកចិត្តវិនិយោគិននានាឱ្យចាប់យកកាលានុវត្តវិនិយោគនៅកម្ពុជាឱ្យបានឆាប់រហ័ស ខណៈរាជរដ្ឋាភិបាលកំពុងផ្ដល់ឱកាសពិសេសជាច្រើន
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការលើកទឹកចិត្តបែបនេះដល់បណ្ដាវិនិយោគិននានាក្នុងឱកាស អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះ និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ។

ក្នុងឱកាសនោះ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា តាមរយៈការគាំទ្រពីកំណែទម្រង់គោលនយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជាអាចផ្តល់ជូនវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោកដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់កម្ពុជាក្នុងនាមជារដ្ឋសមាជិកអាស៊ាន ក្នុងការលើកកម្ពស់កត្តាសំខាន់ៗទាំងនេះជាបន្តបន្ទាប់។ សមិទ្ធផលសំខាន់ៗរួមមាន ការអនុម័តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣, ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបនឹងបើកដំណើរការថ្មីៗនេះ ក៏ដូចជាគម្រោងកំពុងដំណើរការដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លើសពីនេះ ឯកឧត្តមបានលើកឡើងពីការពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មឆ្នាំ២០២៥ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានទទួលស្គាល់ការអនុវត្តពេញលេញរបស់កម្ពុជាលើការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៥។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន ឱ្យចាប់យកកាលានុវត្តវិនិយោគនៅក្នុងប្រទសកម្ពុជាឱ្យបានឆាប់រហ័ស ដោយបានគូសបញ្ជាក់អំពីកត្តាសំខាន់ៗមួយចំនួនរួមមាន រាជរដ្ឋាភិបាលដែលគាំទ្រវិស័យឯកជន កម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរបបវិនិយោគដ៏បើកទូលាយរបស់កម្ពុជា ដែលកត្តាទាំងនេះបានផ្តល់នូវឱកាសវិនិយោគដ៏មានសក្តានុពល។ តាមរយៈការគាំទ្រពីកំណែទម្រង់គោលនយោបាយ ការសម្រួលនីតិវិធី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កម្ពុជាអាចផ្តល់ជូនវិនិយោគិននូវការចូលទៅកាន់ទីផ្សារពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។
សូមជម្រាបថាឆ្នាំនេះជាឆ្នាំទី៣ ជាប់ៗគ្នា ដែលកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាត្រូវបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ។ សម្រាប់កិច្ចប្រជុំឆ្នាំ២០២៦ នេះ មានការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិជាង ៣០០ ក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជិត ៧០០ នាក់។ លើសពីតួលេខទាំងនេះ វេទិកានេះដើរតួជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ និងការផ្គូរផ្គងអាជីវកម្ម ដែលជំរុញសមាហរណកម្មតំបន់ និងស្មារតីសហការដើម្បីជំរុញអាស៊ានឆ្ពោះទៅមុខ៕





-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន