Connect with us

ព័ត៌មាន

គណៈកម្មការទី៦នៃរដ្ឋសភា ចុះពិនិត្យប្រសិទ្ធភាពនៃ​ការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និង​យុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះ​បំពេញ​បេសកកម្មការងារនិងជួបពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាព​នៃការអនុវត្តច្បាប់ និងយន្តការយុត្តិធម៌នៅមូលដ្ឋាន។

បេសកកម្មនេះ មានគោលបំណងចម្បងស្វែងយល់​ឱ្យ​បានស៊ីជម្រៅអំពីវឌ្ឍនភាពនៃការអនុវត្ត “យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ និង​នីតិរដ្ឋនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បាន​បញ្ជាក់​ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាល​ខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងជំរុញគ្រប់អង្គភាពឱ្យអនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ជាធរមាន។

ឯកឧត្តមបានបន្ថែមថា ការចុះមកបំពេញការងាររបស់​គណៈកម្មការទី៦នៃរដ្ឋសភា គឺជាកិច្ចសហការដ៏​សំខាន់​រវាង​ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីប្រមូលព័ត៌មានជុំវិញបញ្ហាប្រឈម និងរួមគ្នា​ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា៖រដ្ឋបាលខេត្តបានរាយការណ៍​អំពីកិច្ច​ខិតខំប្រឹងប្រែងលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយផ្ដោតលើទិសដៅអាទិភាព រួមមាន៖ការបង្ក្រាប​បទល្មើសគ្រឿងញៀន និងសកម្មភាពក្មេងទំនើង ដើម្បី​បង្កើនភាពកក់ក្តៅជូនពលរដ្ឋ ការទប់ស្កាត់ការ​ទន្ទ្រាន​ធនធានធម្មជាតិ បទល្មើសព្រៃឈើ និងជលផល​និង​ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖ចំណុចលេច​ធ្លោដែលខេត្តកំពង់ធំសម្រេចបាន គឺយន្តការដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្ត្រ​អាទិភាពក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពល    រដ្ឋ ក្នុងនោះបានដោះ​ស្រាយវិវាទដែលកើតមាន​ឡើង​បានរហូតដល់ ៧០%។ចំពោះករណីនៅសេសសល់ ៣០% រដ្ឋបាលខេត្តកំពុងបន្តនីតិវិធីដោះស្រាយ​យ៉ាង​សកម្ម ដោយសហការយ៉ាងជិតស្និទ្ធ​ជាមួយស្ថាប័ន​តុលាការ។

ក្រោយពីស្ដាប់របាយការណ៍របស់អភិបាលខេត្ត ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែលបាន​ខិតខំប្រឹងប្រែងអនុវត្តច្បាប់បានយ៉ាងល្អប្រសើរ។ ជាពិសេស លទ្ធផលនៃការដោះស្រាយ​ទំនាស់ក្រៅ​ប្រព័ន្ធតុលាការ ដែលបានជួយផ្តល់យុត្តិធម៌​ជូន​ប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស មានតម្លាភាព​និងនៅជិតមូលដ្ឋានបំផុត។

បេសកកម្មនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា និង​ការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីធានាសុខសន្តិភាពនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia