Connect with us

ព័ត៌មាន

ក្រពើភ្នំចំនួន១០ក្បាល ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា

មណ្ឌលគីរី៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ – អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ សូមជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពី ដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្ស ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។

តំបន់ទេសភាពខ្ពង់រាបភាគខាងកើត គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលជា ជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹកសាបដែលមានសារៈសំខាន់ជាសកល។

កម្មវិធីលែងក្រពើភ្នំនេះ មានគោលបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច និងបែកខ្ញែកនៅក្នុងប្រព័ន្ធ ទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើ វិទ្យាសាស្ត្រ។ ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយគេជឿថា នៅសល់តិចជាង ១,០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ កម្ពុជាត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាសកលសម្រាប់ការអភិរក្សសត្វប្រភេទនេះ និងជាទីជម្រកនៃចំនួន ក្រពើភ្នំដ៏ធំបំផុតមួយដែលនៅសេសសល់។

កម្មវិធីលែងក្រពើភ្នំនេះ ក៏ជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រអំពីចំនួនសត្វព្រៃ ការវាយតម្លៃទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ២០២១ ក្រុមស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា បានកត់ត្រាតាមរយៈរូបថតជាលើកដំបូងនៃក្រពើភ្នំ ដែលញាស់ដោយធម្មជាតិនៅក្នុង ទន្លេស្រែពក ដែលនេះបញ្ជាក់ថា ក្រពើភ្នំនៅតែបន្តបង្កាត់ពូជដោយជោគជ័យនៅក្នុងទីជម្រកធម្មជាតិ និងបង្ហាញពីសារៈសំខាន់របស់ទន្លេនេះជាតំបន់អាទិភាពសម្រាប់ការស្តារប្រភេទសត្វនេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «កម្មវិធីលែងក្រពើភ្នំនៅថ្ងៃនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងពង្រីកវិសាលភាពជីវៈចម្រុះជា ពិសេស និងបង្ហាញពីភាពជោគជ័យដ៏ធំធេង ក្នុងការស្ដារចំនួនសត្វព្រៃដែលជិតផុតពូជនៅលើពិភពលោក ហើយ ដែលកម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសដែលមានចំនួនក្រពើភ្នំធម្មជាតិរស់នៅច្រើនជាងគេ។ សមិទ្ធផលនេះ បង្ហាញពីភាពរឹងមាំនៃកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអភិរក្ស ដៃគូសហការ និងសហគមន៍មូលដ្ឋាន ក្នុងការធ្វើការរួមគ្នា ដើម្បីធានាអនាគតរបស់ក្រពើភ្នំ និងប្រព័ន្ធអេកូឡូស៊ីទឹកសាប មាន សុខភាពល្អ»។

លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា៖ «ការលែងក្រពើភ្នំ ចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការ WWF-កម្ពុជា ក្នុងការ ស្តារក្រពើភ្នំដែលជាប្រភេទសត្វតំណាងនៃប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា។ តាមរយៈការបង្កើនចំនួនសត្វ ក្រពើភ្នំញីឈ្មោល ដែលអាចបន្តពូជត្រឡប់មកកាន់ទន្លេស្រែពក យើងមិនត្រឹមតែជួយធានាការរស់រានមានជីវិត របស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុខភាព និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។

លោក ហម ច័ន្ទដេត នាយកប្រចាំប្រទេសនៃអង្គការ Fauna & Flora International (FFI) បានបន្ថែមថា៖ “យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយអង្គការ WWF-កម្ពុជា ក្នុងសកម្មភាពលែងក្រពើភ្នំនេះ ដោយ ផ្អែកលើជំនាញ និងបទពិសោធន៍របស់យើងក្នុងការអភិរក្សប្រភេទសត្វនេះ។ កម្មវិធីលែងក្រពើភ្នំនេះ ឆ្លុះបញ្ចាំងពី កិច្ចសហការផ្នែកវិទ្យាសាស្ត្រ និងការវិនិយោគលើការអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្តារប្រភេទសត្វលូន ដែលរងការគំរាមកំហែងខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។ កម្ពុជាបានក្លាយជាអ្នកដឹកនាំថ្នាក់តំបន់ក្នុងការអភិរក្ស សត្វក្រពើភ្នំ ហើយកម្មវិធីស្តារក្រពើភ្នំនៅទន្លេស្រែពក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើនចំនួនក្រពើភ្នំ ទាំងនេះឱ្យមានវត្តមានកាន់តែច្រើនឡើងវិញ»។

ក្រពើភ្នំដែលត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ត្រូវបានគាំទ្រ និងផ្តល់ដោយរដ្ឋបាលជលផល ព្រមទាំង អង្គការ FFI តាមរយៈកម្មវិធីបង្កាត់ពូជអភិរក្ស និងបានឆ្លងកាត់ការត្រួតពិនិត្យហ្សែន និងសុខភាពយ៉ាងតឹងរ៉ឹង មុនពេលលែងចូលទៅក្នុងទីជម្រកធម្មជាតិ។ កម្មវិធីនេះ អនុវត្តតាមគោលការណ៍អន្តរជាតិស្តីពីការបញ្ជូនសត្វ សម្រាប់ការអភិរក្ស រួមទាំងការតាមដានក្រោយការលែង ដោយប្រើបច្ចេកវិទ្យា acoustic telemetry ដើម្បីសិក្សាពីចលនា ការបម្លាស់ទី ការរស់រានមានជីវិត ការសម្របខ្លួនរបស់ក្រពើភ្នំនៅក្នុងទីជម្រកធម្មជាតិ ជាពិសេសនោះគឺ ការផ្តល់ជាទិន្នន័យគំរូសម្រាប់កម្មវិធីលែងក្រពើភ្នំបែបនេះនាពេលអនាគតផ្សេងទៀត។

កម្មវិធីស្តារចំនួនក្រពើភ្នំនៅទន្លេស្រែពក ត្រូវបានគាំទ្រតាមរយៈការពង្រឹងការល្បាតតាមដងទន្លេ ការការពារជម្រក ធម្មជាតិ ការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយការយល់ដឹង និងកិច្ចសហការជាមួយជនជាតិដើមភាគតិច និង សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការគំរាមកំហែង ដូចជាការនេសាទខុសច្បាប់ និងការបំផ្លាញជម្រកធម្មជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia