Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ ក្រោយពិនិត្យក្រសួងស្ថាប័នចំនួន ១៦ គឺមានការកែសម្រួល ៣អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទី៧ រាជដ្ឋាភិបាលបានដាក់ចេញនូវវិធានការអាទិភាពចំពោះការធ្វើកំណែទម្រង់តាមបណ្ដាក្រសួងស្ថាប័ន ក្នុងនោះគិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំធ្វើកំណែទម្រង់នេះ បានធ្វើការត្រួតពិនិត្យ កែសម្រួល នៅតាមក្រសួងស្ថាប័នចំនួន១៦ រួចទៅហើយ ដោយមានក្រសួងស្ថាប័នមួយចំនួនត្រូវកែសម្រួល និងមួយចំនួនទៀតត្រូវរក្សាទុកដដែល។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើ្ជញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងបញ្ជាក់ថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់បានធ្វើការកំណែទម្រង់ចំនួន ១៦ ក្រសួងស្ថាប័នដែលបានធ្វើការកែសម្រួល, ក្នុងនោះទូទាំងរដ្ឋាភិបាលមកដល់ម៉ោងនេះក្រោយការពិនិត្យចំនួន១៦ក្រសួងស្ថាប័ន គឺមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ។

សម្ដេចធិបតី បានបន្តថា វិធានការកំណែទម្រង់នេះទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញអភិក្រម «ពង្រឹងជាជាងពង្រីក» ប៉ុន្ដែកន្លែងខ្លះត្រូវតែបង្កើតថ្មីដើម្បីដើរឱ្យទាន់សភាពការណ៍ ដូចជាពេលនេះកំពុងមានការវិវត្តន៍ទៅបច្ចេកវិទ្យា AI បើយើងមិនរៀបចំបង្កើតយន្តការ ឬផ្នែកទទួលបន្ទុកគឺមិនបានទេ។ ដូច្នេះអ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់ មិនមែនធ្វើឡើងដោយផ្អែកទៅលើប្រធានស្ថាប័នលើកឡើងថា បង្កើតកន្លែងនេះ ដើម្បីលើកទឹកចិត្តអ្នកនេះអ្នកនោះ ឬមួយមិនចូលចិត្តលុបនាយកដ្ឋានចោល គឺអត់ទេ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តជំរុញដល់គ្រប់ក្រសួងស្ថាប័នឱ្យធ្វើការកែទម្រួល កំណែទម្រង់ ក្នុងនោះមានក្រសួងខ្លះនៅរក្សាដដែលហើយក្រសួងខ្លះមានការកាត់បន្ថយអគ្គនាយកដ្ឋាន ឬមួយបម្រួមចូលគ្នាតែម្ដង។

សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ការកែទម្រង់នេះ រាជរដ្ឋាភិបាលមានមូលដ្ឋានច្បាស់លាស់ ហើយមិនយកមនុស្សជាគោលទេ «យើងមិនកាត់ជើងតម្រូវស្បែកជើង គឺយើងកាត់ស្បែកជើង តម្រូវជើង» ដើម្បីឱ្យយើងពាក់ទៅស្រួល ដើរទៅលឿន កុំឱ្យឈឺជង្គង់។

សម្ដេចធិបតីបន្តថា ការកែសម្រួលរចនាសម្ព័ន្ធ ស្ថាប័ន និងតួនាទីភារកិច្ចរបស់អង្គភាពចំណុះ គឺផ្អែកទៅលើលទ្ធផលជាគោល ថាតើយើងចង់បានអី? ឧទាហរណ៍អគ្គនាយកដ្ឋានពន្ធដារ ចង់កែសម្រួលមិនមែនចង់តាមការនឹកឃើញនោះទេ ប៉ុន្ដែកែសម្រួលធ្វើម៉េចសេវាផ្ដល់ទៅឱ្យអតិថិជន កាន់តែសុក្រឹត កាន់តែលឿន និងកាន់តែបង្កភាពសប្បាយ មានន័យថា កុំឱ្យនីតិវិធីស្មុគស្មាញ។

សូមបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងមុខងារសាធារណៈ កំពុងបន្តអនុវត្តយ៉ាងសកម្មក្នុងនីតិកាលទី៧ ដោយផ្តោតលើវិធានការគន្លឹះ ៣ គឺ៖ ការពង្រឹងគុណភាពមន្ត្រីរាជការ, ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រី, និងការរៀបចំរចនាសម្ព័ន្ធស្ថាប័នឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសេវាសាធារណៈ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia