Connect with us

ព័ត៌មាន

រយៈពេល៤ខែអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានជាង ១ ៧៨១ លានដុល្លារ

អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ បានចំនួនជាង ១ ៧៨១ លាន ដុល្លារអាមរិក ស្មើប្រមាណជាង ៤៦ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៦។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក ដ្ឋានពន្ធដារ លើកឡើងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្ដាលថ្មី អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញថា ផ្អែកតាមលទ្ធផលនៃកំណែទម្រង់ជាច្រើនរបស់អគ្គនាយកដ្ឋាន ពន្ធដារ ជាលទ្ធផល គឺសម្រេចបានជោគជ័យក្នុងការប្រមូលចំណូលពន្ធផ្ទៃក្នុងជាបន្តបន្ទាប់ ដែលមានការកើនឡើងដល់កម្រិតខ្ពស់ និងបានក្លាយជាអង្គភាពប្រមូលចំណូលខ្ពស់ជាងគេ ក្នុងចំណោមអង្គភាពប្រមូលចំណូលនានា។ ការប្រមូលចំណូលដោយជោគ ជ័យនេះ គឺជាសមិទ្ធផលនៃការកែទម្រង់របស់រដ្ឋបាលសារពើពន្ធកម្ពុជា ដើម្បីប្រមូលពន្ធឱ្យអស់សក្តានុពល និងប្រកបដោយតម្លាភាព បើទោះបីជាស្ថិតក្នុង បរិការណ៍ដែលមិនមានការបង្កើតប្រភេទពន្ធថ្មី, មិនដំឡើងអត្រាពន្ធនិងអាករ និងមានការបន្តការផ្ដល់ការលើក ទឹកចិត្តពន្ធដារជាច្រើនជាបន្តបន្ទាប់ក៏ដោយ។

ស្របគ្នានេះ ការកែទម្រង់រដ្ឋបាលសារពើពន្ធដោយជោគជ័យ បានធ្វើឱ្យលទ្ធផលនៃការប្រមូលចំណូលពន្ធមានភាពល្អប្រសើរ អាចឆ្លើយតបបានគ្រប់គ្រាន់នឹងតម្រូវការហិរញ្ញវត្ថុសាធារណៈ ជាក់ស្តែងការប្រមូលចំណូលក្នុងរយៈពេល៤ខែឆ្នាំ២០២៦, អគ្គនាយក ដ្ឋានពន្ធដារប្រមូលចំណូលអាករគ្រប់ប្រភេទបានចំនួនជាង ៧ ១០០ ប៊ីលានរៀល ត្រូវនឹងប្រមាណជាង ១ ៧៨១ លានដុល្លារ អាមរិក ស្មើជាង ៤៦ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៦។

ឯកឧត្តម បន្តថា លើសពីនេះការប្រមូលចំណូលបានលើសផែនការនាពេលកន្លងមក ក៏ផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល បំពេញបន្ថែមនូវកញ្ចប់ថវិកាសន្សំ ដើម្បីអភិវឌ្ឍនិងអនុវត្តគោលនយោបាយនានា ជាពិសេសការចាត់វិធានការដោះស្រាយ ដើម្បីឆ្លើយ តបយ៉ាងសមស្រប និងទាន់ពេលវេលា ជាមួយនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការអន្តរាគមន៍ចាំបាច់នានា កន្លងមក។ ទន្ទឹមនឹងការប្រមូលចំណូលដែលមានការកើនឡើងនេះ ទំហំការងាររបស់អគ្គនាយកដ្ឋានពន្ធដារ ក៏មានការកើនឡើង យ៉ាងឆាប់រហ័ស ធ្វើឱ្យតម្រូវការនៃចំនួនមន្ត្រី និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ប្រតិបត្តិការប្រមូលចំណូល មានការកើនឡើង ជាបន្តបន្ទាប់។ ស្ថានភាពនេះ ធ្វើឱ្យទីស្នាក់ការកណ្តាលចាស់ដែលមានភាពតូចចង្អៀតនិងបែកខ្ញែក ពុំអាចឆ្លើយតបនឹងតម្រូវការ នៃការវិវត្តរបស់ស្ថាប័នមួយនេះ ទោះបីជាមានការជួលអគារ ឬផ្ទះល្វែងដែលមានទីតាំងនៅក្បែរអគ្គនាយកដ្ឋានពន្ធដារ ជាការិយាល័យ បណ្តោះអាសន្នក៏ដោយ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia