ព័ត៌មាន
សាលាភូមិន្ទរដ្ឋបាល បើកវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្ត្រីជាន់ខ្ពស់ ១៧៥រូប ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ និងប្រសិទ្ធភាពសេវាសាធារណៈ
ដើម្បីឆ្លើយតបទៅនឹងវិធានការគន្លឹះនៃការកែទម្រង់រដ្ឋបាលសាធារណៈ សាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ ជូនដល់មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន ១៧៥រូប។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ គោលបំណងចម្បងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដឹកនាំ ជំរុញការដោះស្រាយបញ្ហាតាមអភិក្រមថ្មីៗដែលជានវានុវត្តន៍ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ស្របតាមទិសដៅកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោកជំទាវ ឈី វិជ្ជរ៉ា លេខាធិការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សម្រាប់ជំនាន់ទី៨នេះ មានសិក្ខាកាមចូលរួមចំនួន ១៧៥នាក់ (ស្ត្រី ២៦នាក់) ដែលអញ្ជើញមកពី ៣២ ក្រសួង-ស្ថាប័នថ្នាក់ជាតិ និង ២០ រដ្ឋបាលរាជធានី-ខេត្ត។ លោកជំទាវបានបន្ថែមថា កន្លងមក សាលាភូមិន្ទរដ្ឋបាលធ្លាប់បានបណ្តុះបណ្តាលដោយជោគជ័យចំនួន ៧ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមសរុប ១,១៧៨នាក់ (ស្ត្រី ១៩៦នាក់) សុទ្ធសឹងជាមន្ត្រីកាន់តួនាទីសំខាន់ៗ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋានពីកម្រិតស្រុក-ខណ្ឌ ដល់ថ្នាក់អភិបាលរាជធានី-ខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «វគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំពីគ្រប់ក្រសួង-ស្ថាប័ន ក្នុងការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងទទួលយកបទពិសោធន៍ល្អៗ ដើម្បីដឹកនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន»។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា ការងារនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុក «មនុស្ស» ជាអាទិភាពទី១។ ទន្ទឹមនេះ ការពង្រឹងសមត្ថភាពមន្ត្រី គឺជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញការងារវិភាគមុខងារ តាមពាក្យស្លោក «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក»។
គួរបញ្ជាក់ផងដែរថា ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងធនាគារពិភពលោក គ្រូឧទ្ទេសជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធជាច្រើនទៀត។ ឆ្លៀតក្នុងឱកាសនោះ ក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអូស្ត្រាលី សហភាពអឺរ៉ុប និងធនាគារពិភពលោក ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ដល់កម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ៕






-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា