Connect with us

ព័ត៌មាន

ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង ជូនពលរដ្ឋដល់មូលដ្ឋានក្នុងខេត្តសៀមរាប

(សៀមរាប)៖ ក្នុងយុទ្ធនាការសកម្មភាពគាំពារពលរដ្ឋ និងលើកកម្ពស់ជីវភាពនៅតាមមូលដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណវត្តអារញ្ញគីរីមុនីសុខុម (វត្តស្វាយលើ) ឃុំ/ស្រុកស្វាយលើ ខេត្តសៀមរាប ដោយនាំយកឱកាសការងារសរុបចំនួន ៤ ០៥០កន្លែង ពីបណ្ដារោងចក្រ សហគ្រាស សមាគម និងក្រុមហ៊ុនធំៗចំនួន ៧ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងអតីតពលករដែលត្រឡប់មកពីក្រៅប្រទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។

ក្នុងឱកាសនេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងខិតខំប្រមូលផ្ដុំព័ត៌មានការងារឱ្យបានសម្បូរបែបបំផុត ដើម្បីដាក់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្ដែង ក្នុងវេទិកានៅថ្ងៃនេះ ប្រជាពលរដ្ឋ យុវជន និងជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ អាចធ្វើការចុះឈ្មោះ និងសម្ភាសដើម្បីទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗទាំងនោះ ដែលបានមកដល់ទីតាំងផ្ទាល់។

ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការនាំយកឱកាសការងារមកដល់កៀកផ្ទះបែបនេះ គឺជាយុទ្ធសាស្ត្រថ្មីសន្លាងរបស់រាជរដ្ឋាភិបាល ដែលជួយកាត់បន្ថយទាំងពេលវេលា និងការចំណាយថវិការបស់បងប្អូន ដែលខុសពីសម័យមុនដែលត្រូវធ្វើដំណើរទៅស្វែងរកការងារដោយខ្លួនឯងទាំងលំបាក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូនងាកមកចាប់យកការងារក្នុងស្រុក ដែលមានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ និងមានឱកាសរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូនចៅ និងឪពុកម្ដាយ។ ការធ្វើការក្នុងស្រុកមិនត្រឹមតែចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ និងការគាំពារពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) យ៉ាងពេញលេញផងដែរ។

ក្រៅពីការផ្ដល់ឱកាសការងារភ្លាមៗ ឯកឧត្តម ប៉ុក ប៉ាន់ ក៏បានជំរុញឱ្យយុវជន និងពលករដែលត្រឡប់ពីក្រៅប្រទេស ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET 1.5M) ដែលជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ដែលសមស្របនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ហើយនឹងទទួលបានប្រាក់ឈ្នួល ឬកម្រៃសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ ចំពោះបងប្អូនអតីតពលករដែលមានជំនាញស្រាប់តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ ក្រសួងក៏បានដាក់ចេញនូវប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យបុគ្គលគ្រប់រូបអាចស្នើសុំធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញផ្លូវការ។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន ចូលរួមផ្សព្វផ្សាយវេទិកាការងារឱ្យបានកាន់តែទូលំទូលាយ ដើម្បីជ្រួតជ្រាបដល់មូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលចង់បានការងារធ្វើ ឬទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេងៗ អាចទៅសាកសួរព័ត័មាននៅមជ្ឈមណ្ឌលការងារខេត្តសៀមរាប ដែលមានទីតាំងស្តិតក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។ ឯកឧត្តម ក៏បានរំលេចពីខ្សែទូរស័ព្ទជំនួយរហ័ស Hotline របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លេខ ១២៩៧ សម្រាប់ផ្គូផ្គងអ្នកចង់បានការងារធ្វើ និងលេខ ១២៨៦ សម្រាប់ដោះស្រាយវិវាទការងារផងដែរ។

សូមជម្រាបជូនថា ឱកាសការងារ ៤ ០៥០កន្លែង ក្នុងខេត្តសៀមរាបនេះ គឺជាផ្នែកមួយនៃឱកាសការងារសរុបជិត ៩ម៉ឺនកន្លែង ដែលក្រសួងកំពុងផ្ដល់ជូននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់បណ្ដារោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗទាំង ៧ ដែលបានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅក្នុងឱកាសនោះ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ ញូវ៉ាយអឹភឹរឹល ឯ.ក, តំបន់សេដ្ឋកិច្ចពិសេស (ខេមបូឌា) ចេជាង គម្រោង២, អង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ, អង្គការ ហ្វ្រេន្ស-អ៊ីនធើណាសិនណល ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅក្រៅប្រទេសចំនួន ២ គឺក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនសល សឺវីស ឯ.ក ដែលបាននាំយកឱកាសការងារនៅប្រទេសជប៉ុនមកបង្ហាញជូនផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia