ព័ត៌មាន
សម្ដេចតេជោ៖ កម្ពុជា និងហុងគ្រី ទោះប្រទេសនៅឆ្ងាយពីគ្នាតែមានទំនាក់ទំនងល្អ ជិតស្និទ្ធ និងរឹងមាំជាមួយគ្នា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បើទោះបីជាប្រទេសកម្ពុជា និងប្រទេសហុងគ្រី នៅឆ្ងាយពីគ្នា ប៉ុន្ដែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្អិតរមួតរ ភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត នៃប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីចប់បេសកកម្មការទូតនៅកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានកោតសរសើរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតហុងគ្រី ក្នុងពេលដែលឯកឧត្តម បំពេញបេសសកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាក្នុងរយៈពេល៤ឆ្នាំមកនេះ បានធ្វើឱ្យទំនាក់ទំនងរវាងហុងគ្រី និងកម្ពុជាមានភាពរឹងមាំ។
សម្ដេចតេជោ បានលើកឡើងថា ទោះបីជាកម្ពុជា និងហុងគ្រី នៅឆ្ងាយពីគ្នាពិតមែន ក៏ប៉ុន្ដែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធខ្លាំងណាស់ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ ហើយមកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានអាយុកាល ៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរអង្វែងជាមួយគ្នា។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណជាអនេកប្បការ ដែលសម្ដេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសនេះ។ ឯកឧត្តម បានលើកឡើងថា ជាកិត្តិយសសម្រាប់ឯកឧត្តមណាស់ ដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ ឯកឧត្តម ក៏បានសរសើរប្រទេសកម្ពុជាជាប្រទេសមានភាពស្រស់ស្អាត និងមានភាពរីកចម្រើនដែលឯកឧត្តមបានឃើញផ្ទាល់នឹងភ្នែក ជាពិសេស គឺជីវភាពប្រជាជនមានភាពប្រសើរឡើងជាលំដាប់។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា បួនឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងហុងគ្រី និងកម្ពុជា មានភាពរីកចម្រើន ហើយជាពិសេស គឺការសហការគ្នាទាំងក្របខណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ហើយឯកឧត្តមបានអរគុណជាពន្លឹក ដែលស្ថាប័នរបស់ប្រទេសកម្ពុជាទាំងអស់បានសហការ ក្នុងពេលដែលឯកឧត្តមបំពេញបេសកកម្មនៅប្រទេសកម្ពុជា។
ឯកឧត្តម បានរំលេចផងដែរថា ប្រទេសទាំងពីរមានការកើនឡើងនូវទំហំពាណិជ្ជកម្ម ជាពិសេសកម្ពុជា នាំចូលទៅកាន់ប្រទេសហុងគ្រីមានការកើនឡើង ក្នុងរយៈពេលចុងក្រោយនេះ ហើយឯកឧត្តមសង្ឃឹមថា ទំហំពាណិជ្ជកម្មឬការសហការសេដ្ឋកិច្ចរវៀងកម្ពុជា និងហុងគ្រី កាន់តែរីកចម្រើនតទៅមុខទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងដែរថា ឆ្នាំនេះជាខួប៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការរៀបចំប្រារព្ធពិធីអបអរសាទរ ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានអរគុណជាអនេកចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី, សម្ដេចតេជោបានរំលេចបន្ថែមថា ហុងគ្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដែលមកដល់ពេលនេះ មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួនបានទៅសិក្សា និងបញ្ចប់ការសិក្សានៅក្នុងប្រទេសហុងគ្រីហើយកំពុងបន្តធ្វើការនៅប្រទេសកម្ពុជា។
សម្ដេចតេជោ ក៏បានរំលេចផងដែរថា ហុងគ្រីជាប្រទេសមួយដែលសម្ដេចធ្លាប់ទៅបំពេញទស្សនកិច្ចច្រើនក្នុងចំណោមប្រទេសដែលសម្ដេចបានអញ្ជើទៅ ចាប់តាំងពីសម្ដេចនៅជារដ្ឋមន្រ្ដីការបរទេសមកម៉្លេះដែលមានអនុស្សាវរីយ៍ជាច្រើនក្នុងការពង្រីកទំនាក់ទំងរវាងប្រទេសទាំងពីរ។ មកដល់ពេលបច្ចុប្បន្ននេះ សម្ដេចតេជោ ក៏បានសម្ដែងនូវការពេញចិត្ត ដែលតាមរយៈទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
សម្ដេចតេជោ បានរំលេចថា កាលពីឆ្នាំ២០១៩កន្លងទៅសម្ដេចតេជោក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ក្រោយមកប្រធានាធិបតីនៃប្រទេសហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរបើទោះបីជាប្រទេសទាំងពីរនៅឆ្ងាយពីគ្នា ក៏ប៉ុន្ដែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ៕





-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា