ព័ត៌មាន
ក្រសួងការងារបន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. និងការចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ដល់បណ្ដា២៥ រាជធានី-ខេត្ត
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» តាមរយៈកិច្ចសហការរវាងមន្ទីរការងារ និងអាជ្ញាធរមូលដ្ឋាន ដោយបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ដល់បណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងសហគ្រាស កសិ-ឧស្សាហកម្ម តាមបណ្ដា២៥រាជធានី-ខេត្ត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។
យុទ្ធនាការនេះ គឺធ្វើឡើងក្នុងគោលបំណងដាស់ស្មារតី និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃពលកម្មកុមារឱ្យកាន់តែទូលំទូលាយ ព្រមទាំងបំផុសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការឃ្លាំមើល និងរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យ។ ក្នុងនោះដែរ ក្រសួងការងារ ក៏បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី សហគមន៍សិប្បកម្ម និងផ្នែកកសិ-ឧស្សាហកម្ម ត្រូវរួមដៃគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបានដាច់ខាតនូវរាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ និងការការពារសិទ្ធិកុមារបានយ៉ាងពិតប្រាកដ។
ទន្ទឹមនឹងការអនុវត្តយុទ្ធនាការនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវវិធានការណែនាំដល់ម្ចាស់សហគ្រាស និងនិយោជកទាំងអស់ ឱ្យបំពេញកាតព្វកិច្ចចុះបញ្ជិកាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនដល់បងប្អូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការគាំពារសង្គម។ លើសពីនេះនិយោជកត្រូវតែរួសរាន់ចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យសហគ្រាស (LACMS) របស់ក្រសួងការងារ ឱ្យបានត្រឹមត្រូវតាមការកំណត់ផងដែរ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ ក្នុងករណីបានជួបប្រទះ ឬមានការសង្ស័យលើការប្រើប្រាស់ពលកម្មកុមារខុសច្បាប់ សូមរាយការណ៍ឱ្យបានលឿនបំផុតតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ Hotline ១២៩៧ ឬ ១២៨៦ ឬតាមប្រអប់បណ្តឹងអនាមិក ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង អាចចុះចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់បានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕









-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា