Connect with us

ព័ត៌មាន

ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​

ភ្នំពេញ៖​ ក្រោម​បរិយាកាស​ដ៏​រស់​រវើក​នៅ​មាត់​ទន្លេ​ចតុ​មុខ​ ផ្លូវ​ថ្មើ​រជើង​បាន​ក្លាយ​ជា​ទីក​ន្លែង​ទាក់​ទាញ​​ប្រជាពល​រដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ជាច្រើន​ឱ្យ​មក​ដើរ​កម្សាន្ត​ សម្រាក​លំហែកាយ​ និង​ទទួល​ទាន​អាហារ​​​ឆ្ងាញ់ៗចម្រុះមុខ​។​ លើស​ពី​តួនាទី​ជា​តំបន់​សាធារណៈ​សម្រាប់​ការ​កម្សាន្ត​ ផ្លូវ​ថ្មើរជើង​ចតុ​មុខ​​​ក៏​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​សកម្ម​ភាព​សេដ្ឋកិច្ច ​បង្កើត​ឱកាស​ការងារ​ និង​បង្កើន​​ប្រាក់​ចំណូល​សម្រាប់​អាជីវករ ​និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។

ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែមានភាពរស់រវើក។ ជាក់ស្តែង ការកើនឡើងនៃចំនួនអ្នកមកកម្សាន្តជារៀងរាល់ថ្ងៃចុងសប្តាហ៍ បានបង្កើតតម្រូវការខ្ពស់សម្រាប់ទំនិញផ្សេងៗ ដូចជា អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ ជាដើម។ កត្តានេះបានផ្តល់ឱកាសឱ្យអាជីវករខ្នាតតូចអាចរកប្រាក់ចំណូលបានកាន់តែប្រសើរ។

ក្រុមអាជីវករ បានលើកឡើងថា ការរីកចម្រើននៃសកម្មភាពអាជីវកម្ម​នៅតំបន់នេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងសហគមន៍ឱ្យមានសន្ទុះកាន់តែខ្លាំងផងដែរ។ ពួកគេថា ការលក់ដូររបស់ពួកគេនៅតែលក់ដាច់ដូចមុនទើបនឹងបើកដំបូង គ្រាន់តែចូលដល់រដូវវស្សា​ប្រឈមនឹងបញ្ហាភ្លៀង​ដែលនាំឱ្យអាក់ខានការលក់ម្តង់មួយកាល ដោយប្រាក់ចំណូលទទួលបាន​ចន្លោះពី ៤០ ម៉ឺន ទៅ ១ លានរៀល ដែលប្រាក់ចំណូលនេះ អាចជួយលើកកម្រិតជីវភាពរបស់ពួកគេកាន់ល្អប្រសើរថែមមួយកម្រិត។​

ចាប់ពីការដាក់ប្រើប្រាស់​សាកល្បងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន​ផ្លូវថ្មើរជើងចតុមុខគឺជាទីដ៏ពេញនិយមរបស់ប្រជាជនខ្មែរ និង ភ្ញៀវ​បរទេស។ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍មានអ្នកទៅលេងកម្សាន្តរាប់ពាន់នាក់ ព្រម​ទាំង​មាន​ការ​បង្ហាញពីវប្បធម៌ខ្មែរជាច្រើនរួមទាំងការកម្សាន្ត និងម្ហូបអាហារចម្រុះ ជាពិសេស នំ​បញ្ចុក​ខ្មែរ ជាអាហារដ៏ពេញនិយមនៅទីនោះ ដោយមានរាប់សិបកន្លែង៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia