Connect with us

ព័ត៌មាន

អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ ៥ ជាស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក

ភ្នំពេញ ៖ កម្ពុជា​អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក ដោយការវាយតម្លៃទៅលើ​វិសាលភាពពេញលេញនៃបរិក្ខារ, សេវាកម្មមានគុណភាពរបស់បុគ្គលិក​ និងបទពិសោធន៍របស់អ្នកដំណើរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានអបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026) ដែលបានវាយតម្លៃដោយ​ Skytrax World Airport Awards ផ្អែកលើវិសាលភាពពេញលេញនៃបរិក្ខារ (full range of airports facilities), សេវាកម្មអាកាសយានដ្ឋាន ព្រមទាំងគុណភាពសេវាកម្មរបស់បុគ្គលិក, និងបទពិសោធន៍របស់អ្នកដំណើរ។

ឯកឧត្តម បន្ថែមទៀតថា ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់អគារស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋានដែលបានបើក ដាក់ឱ្យដំណើរការក្នុងអំឡុង ពេល១៨ខែមុនការប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ និងបានប្រកាសជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៦ (Skytrax World Airport Awards 2026) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយបានរៀបចំឡើងស្របពេលជាមួយពិព័រណ៍ និងសន្និសីទ Passenger Terminal Expo & Conference។

ឯកឧត្តម មានប្រសាសន៍ថា៖ «សម្រាប់ព្រះរាជាចក្រកម្ពុជា ចំណាត់ថ្នាក់ទី៥ ស្ថានីយអ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលអន្តរជាតិដ៏សំខាន់មួយ ពិសេស សបញ្ជាក់ច្បាស់ៗពីស្តង់ដានៃអាកាសយានដ្ឋានដែលទើប តែចាប់ផ្តើមប្រតិបត្តិការថ្មីៗនេះ និងបានដាក់អាកាសយានដ្ឋានកម្ពុជាទន្ទឹមអាកាសយានដ្ឋានដែលទើបនឹងអភិវឌ្ឍថ្មីៗនិងជឿនលឿនមួយចំនួនទៀត នៅទូទាំងពិភពលោក»។

សូមបញ្ជាក់ថា ចំណាត់ថ្នាក់កំពូលទាំង ៥នៃពានរង្វាន់ “អគារស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦” រួមមាន ចំណាត់ថ្នាក់លេខ១គឺ អគារស្ថានីយអ្នកដំណើរ Aso Kumamoto Airport របស់ប្រទេស​ជប៉ុន,

ទី២ អគារស្ថានីយអ្នកដំណើរ នៃ Terminal 3, Guangzhou Baiyun International Airport របស់ប្រទេសចិន, ទី៣ អគារស្ថានីយអ្នកដំណើរ នៃTerminal 1, San Diego International Airport, របស់សហរដ្ឋអាមេរិក, ទី៤ អគារស្ថានីយអ្នកដំណើរ Navi Mumbai International Airport, របស់ប្រទេសឥណ្ឌា និង​ទី​៥ អគារស្ថានីយអ្នកដំណើរTecho International Airport របស់ប្រទេសកម្ពុជា៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia