Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាទទួលបានចំណូលពន្ធដារជាង ៥៣ភាគរយនៃផែនការឆ្នាំ២០២៦

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដោយមោទនភាពថា ត្រឹមតែ៥ខែ ឆ្នាំ២០២៦ កម្ពុជាប្រមូលចំណូលពន្ធដារបានជាង៥៣ភាគរយទៅហើយ (ស្មើនឹងទឹកប្រាក់ជាងពីរពាន់លានដុល្លារអាម៉េរិក) នៃផែនការប្រមូលចំណូលសារពើពន្ធឆ្នាំ២០២៦។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទស្សនកិច្ចអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងបញ្ជាក់ថា ចំណូលពន្ធជាងពីរពាន់លានដុល្លារដែលរាជរដ្ឋាភិបាលប្រមូលបាន៥ខែដើមឆ្នាំនេះ គឺមិនទាន់រាប់បញ្ចូលចំណូលពន្ធគយ និងចំណូលមិនមែនសារពើរពន្ធផងទេ ដែលគ្រាន់តែចំណូលសារពើពន្ធនេះ ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ។

សម្ដេចតេជោ បានបញ្ជាក់ថា “៥ខែ ចំណូលពន្ធដារ បានជាង៥៣ភាគរយរួចស្រេចទៅហើយ គិតជាប្រាក់ ជាងពីរពាន់លាន បូកជាមួយពន្ធគយ វាចូល៣៥០០លាន នេះជាចំណូលសារពើពន្ធ មិនទាន់គិតបញ្ចូលចំណូលមិនមែនសារពើពន្ធទៀត។ ក្រុមប្រឆាំងកុំគិតថា រដ្ឋាភិបាល អត់លុយ។ ពិតហើយ អ្វីដែលយើងត្រូវការ គឺចំណាយចរន្ត ដែលមិនអាចខ្វះទេ។ ពីមុនបើគ្រាន់តែនិយាយផ្នែកគយមួយ ក្នុងមួយខែគ្រាន់តែបានឃើញថារកចំណូលបានត្រឹមតែ២០-៣០លានដុល្លារ គឺអរចង់ហោះហើយ។ តែមកដល់ពេលនេះ ចំណូលប្រមាណ២៣០ទៅ២៤០លានដុល្លារក្នុងមួយខែ វាតិច តែបើចាប់ពី២៥០លានដុល្លារឡើងទៅ បានវាខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ពីដើម ការបើកប្រាក់ខែជូនមន្ត្រីរាជការកម្ពុជា គឺវេទនាណាស់ វេទនាត្រង់ថា ប្រាក់ខែតិចហើយ អត់មានលុយបើកឱ្យគេទៀត បានជាមានមន្ត្រីនិយាយថា ស្រុកខ្មែរ មួយខែ៦០-៧០-៨០-៩០ថ្ងៃ ប៉ុន្តែស្រុកខ្មែរឥឡូវនេះ មួយខែមានតែ១៥ថ្ងៃទេ ព្រោះ១៥ថ្ងៃបើកប្រាក់ខែម្ដង។ ស្រុកខ្មែរឥឡូវ គេអត់និយាយសិបលានទេ អត់និយាយរយលានដែរ គេនិយាយពាន់លានតែម្ដង។ ផ្ដាំទៅពួកប្រឆាំងកុំសង្ឃឹមចង់ឱ្យរាជរដ្ឋាភិបាលដួលរលំ”។

យោងតាមច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលសារពើពន្ធឱ្យបាន៦,៨ពាន់លានដុល្លារ ក្នុងនោះចំណូលពន្ធដារ ៣,៨ពាន់លានដុល្លារ និងចំណូលពន្ធគយ ៣ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានពន្ធដារ ដើរតួនាទីសំខាន់ក្នុងការប្រមូលចំណូលជូនរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍគ្រប់វិស័យ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia