Connect with us

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឲ្យ​អភិបាល​ខេត្ត​កំពង់ធំ​ ក្តាប់​យកការ​ទាក់​ទាញវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ខណៈកម្ពុជា​ចង់​ប្រែក្លាយ​ជា​ប្រទេស​អធិរាជ​គ្រាប់ស្វាយចន្ទី និងមានដំណាំស្វាយចន្ទីច្រើនជាងគេ។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី​នៃ​មន្ទីរ​អង្គ​ភាពនានាជុំវិញខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំបាន​ចូលរួម​បង្កើន​គម្រប​ព្រៃឈើ​ច្រើន​តាម​រយៈ​ដំណាំ​ចំការ​កៅស៊ូ ​ដំណាំស្វាយចន្ទី ហើយខេត្តកំពង់​ធំ​ជា​គោល​ដៅ​នៃ​ការ​ចាប់អា​រម្មណ៍​ការ​វិនិយោគ​កែច្នៃ​គ្រាប់​ស្វាយចន្ទី ដូច្ចេះអភិបាលខេត្តត្រូវក្តាប់អោយជាប់ទាក់ទងការទាក់ទាញការវិនិយោគ ប្រើ​ប្រាស់​វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងខេត្តកំពង់ធំ ក្នុងនោះក៏អាច​មាន​ចំណែក​ខ្លះម​ក​ពី​ខេត្ត​ព្រះវិហារ និងខ្លះមកពីខេត្តកំពង់ចាមដែរ។

សម្តេចតេជោបន្តថា យើងត្រូវប្រែក្លាយប្រទេសកម្ពុជាទៅជាអធិរាជគ្រាប់ស្វាយចន្ទី ខណៈ​លើ​ពិភព​លោក​បច្ចុប្បន្នប្រទេសដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេគឺកម្ពុជា សម្តេចបញ្ជាក់ថា «ពី​មុន​គឺ​ប្រទេស​កូឌីវ័រ តែពេលនេះនៅកម្ពុជា»។

សម្តេចបន្តថា ដំណាំស្វាយចន្ទីនេះ ប្រជាជនដាំងាយស្រួលជាង។ ក្នុងនោះប្រទេស​វៀតណាម​ជា​ប្រទេស​ទីមួយ​ចែកចាយគ្រាប់ស្វាយចន្ទីលើពិភពលោក ហើយឥណ្ឌាជាប្រទេសទី២។ ទាំង​វៀតណាម និង​ប្រទេសឥណ្ឌាផលិតគ្រាប់ស្វាយចន្ទីមិនមានគ្រប់គ្រាន់ទេ ដូច្ចេះ​វៀតណាម​ដឹក​ពី​អាហ្វ្រិក​ទៅ​កែច្នៃ​ និងចែកចាយ ប៉ុន្តែបច្ចុប្បន្នសេដ្ឋកិច្ចបំពេញអោយគ្នារវាងកម្ពុជា និងវៀតណាម ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានកើនឡើង១០ពាន់លានដុល្លារ និងឆ្ពោះទៅរក​ ២០​ពាន់​លាន​ដុល្លារ អ្វីគួរអោយចាប់អារម្មណ៍៣ឆ្នាំចុងក្រោយ យើងនាំចេញទៅវៀតណាម ច្រើនជាង​នាំ​ចេញ​ពី​វៀតណាមមកកម្ពុជា ក្នុងនោះគឺកៅស៊ូ និងគ្រាប់ស្វាយចន្ទី បានដើរតួនាទីដ៏សំខាន់។

បើតាមតួលេខ វៀតណាមនាំមកកម្ពុជា រយៈពេល៣ខែ ឆ្នាំ២០២៦នេះមាន ១ពាន់​៣០០​លាន​ដុល្លារ និងកម្ពុជាចេញទៅវៀតណាមមាន១ពាន់៩០០លានដុល្លារ។ សម្តេចតេជោបន្តថា នៅ​ពេល​ចំពោះ​មុខឬអនាគត កម្ពុជានឹងនាំចេញទៅវៀតណាមច្រើនជាងវៀតណាមនាំចូលមក។ នេះជាសេដ្ឋកិច្ចក្នុងតំបន់បំពេញអោយគ្នា។ កម្ពុជាកំពុង​ប្រែ​ក្លាយ​ពី​ប្រទេស​គ្រាន់​តែផ្គ​ត់​ផ្គង់​ខ្លួន​ឯង​ទៅ​ជា​ប្រទេសសម្រាប់ការនាំចេញ។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា តាមបណ្តាខេត្តនានា មានដាំដុះដំណាំស្វាយចន្ទីច្រើន ហើយ​បើ​និយាយដាច់ដោយឡែកនៅក្នុងខេត្តកំពង់ធំ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីមានចំនួនសរុប ១៦៨ ១៥២ហិកតា (ស្មើនឹង២៣%នៃផ្ទៃដីកសិកម្មសរុប), ទិន្នផល ជាមធ្យម ១,៥​តោន​/​ហិកតា​, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ចំនួន ៣ទីតាំង និងសិប្បកម្មកែច្នៃគ្រាប់ ស្វាយចន្ទី ចំនួន ៩ទី​តាំង (មានសមត្ថភាពកែច្នៃ ៧៨តោន/១ថ្ងៃ)៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia