Connect with us

ព័ត៌មាន

ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ក្រុមការងារអភិវឌ្ឍវិស័យឯកជន បើកកិច្ចប្រជុំពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក ដោយបានប្រមូល ធាតុចូលសំខាន់ៗ សម្រាប់ការពិចារណា និងវាយតម្លៃលើការអនុវត្តវិធានការ និងលទ្ធភាពនៃការដាក់ចេញវិធានការ ឬលក្ខខណ្ឌនានា នៅលើវិស័យនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍ វិស័យឯកជន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើរពន្ធ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អង្គប្រជុំបានពិនិត្យលើសាវតារនៃការដាក់ឱ្យអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល, ស្ថានភាពឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុង ស្រុក និងការវិវត្តថ្មីៗនៃស្ថានភាពសេដ្ឋកិច្ចសកល ព្រមទាំងលក្ខខណ្ឌតម្រូវនានារបស់រាជរដ្ឋាភិបាល ទៅលើក្រុមហ៊ុនផលិតស៊ីម៉ងត៍ ដូចជា៖ ការបង់មូលនិធិបរិស្ថាន, ការបង់សួយសាររ៉ែ, ការផ្ទេរជំនាញ និងការបណ្តុះបណ្តាលនិយោជិត, និងការប្រើប្រាស់ធាតុផ្សំ ក្នុងស្រុកជាដើម។ ជាលទ្ធផល, អង្គប្រជុំបានផ្តល់ធាតុចូលសំខាន់ៗសម្រាប់ការពិចារណា និងវាយតម្លៃលើការអនុវត្តវិធានការ និង លទ្ធភាពនៃការដាក់ចេញវិធានការ និង/ឬលក្ខខណ្ឌនានា ទៅលើក្រុមហ៊ុនស៊ីម៉ងត៍ក្នុងស្រុក ។

ជុំវិញវិធានខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារធ្វើការសម្រប សម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស៊ីជម្រៅ ប្រមូលធាតុចូល និងរៀបចំជារបាយការណ៍ជូនរាជរដ្ឋាភិ- បាលឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ។

ជុំវិញឧស្សាហកម្មស៊ីម៉ង់ត៍, ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុង ពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ កន្លងមកថា ជុំវិញផលិតផលស៊ីម៉ង់ត៍ ចាប់ពីឆ្នាំ២០២៣មក កម្ពុជាបានប្រែក្លាយពីប្រទេសនាំចូល ស៊ីម៉ង់ត៍ ១០០ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុង និងក្លាយជាប្រទេសដែលនាំចេញស៊ីម៉ង់ត៍ជាលើកដំបូងក្នុងរង្វង់ ៣ ម៉ឺនតោនក្នុងមួយឆ្នាំ នៅមុនការផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ ជាក់ស្តែងមកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ អាជីវកម្មចំនួន ៦ មានសមត្ថភាពផលិតស៊ីម៉ង់ត៍ សរុបបានចំនួន ១២ លានតោន ក្នុង១ឆ្នាំ ដែលបានឆ្លើយតបដល់ការអភិឌ្ឍក្នុងស្រុក និងនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia