Connect with us

ព័ត៌មាន

អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៨២ទីតាំង រកឃើញជនបរទេសខ្លះពុំមានលិខិតឆ្លងដែន និងផាកពិន័យម្ចាស់ ឬអ្នកគ្រប់គ្រង ៣ទីតាំង

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៧៨នាក់ ក្នុងនោះជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ទោះបីជាយ៉ាងណាក្តីក្រុមការងារមិនបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នោះឡើយ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបន្តថា រដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

លោកស្រីអ្នកនាំពាក្យបានអះអាទៀតថា កន្លងមក និងបន្តទៅមុខទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅតែជំរុញយ៉ាងម៉ឺងមាត់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាលុបបំបាត់ឱ្យអស់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួនទាំងស្រុង។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ទៀតថា ប្រតិបត្តិការត្រួតពិនិត្យនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេេខ០៣ អនក្រ .បក ចុះថ្ងៃទី៥ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល តាមមាត្រា២០ ជំពូកទី៦ ស្ដីពីទណ្ឌកម្ម បានផាកពិន័យសរុបចំនួន ៣ទីតាំង មនុស្សចំនួន៥នាក់ គិតជាថវិកាសរុបបានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល ) ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia