Connect with us

ព័ត៌មាន

កម្ពុជាដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះ​មហន្តរាយដែល​បណ្តាល​មកពីការប្រែប្រួល​អាកាសធាតុ

ថ្ងៃទី​ ២-៣ ខែមិថុនា ឆ្នាំ ២០២៦ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងភាពជាដៃគូរជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ​ (យូអិនឌីភី) ដោយមានការគាំទ្រថវិការដោយមូលនិធិអាកាសធាតុបៃតង (GCF)​ ប្រកាសដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ នេះបើតាម​សេចក្តីប្រកាសពត៌មានរួម។

បើតាម សេចក្តីប្រកាសពត៌មានរួមបានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ មានកិច្ចសហការណ៍រវាងស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីធានាថាវិធីសាស្ត្រក្នុងការអនុវត្តប្រកបដោយបរិយាបន្ន និងមានការអនុវត្តដែលមានភាពស៊ីសង្វាក់គ្នា។ នៅក្នុងប្រទេសកម្ពុជា គំនិតផ្តួចផ្តើមនេះត្រូវបានជំរុញតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងដៃគូសកលនៃការប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា (EW4ALL) រួមមានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ដោយមានការគាំទ្រក្នុងការអនុវត្តន៍គម្រោងពីយូអិនឌីភី ក្នុងភាពជាដៃគូជាមួយ កម្មវិធីស្បៀងអាហារពិភពលោក (WFP), RIMES, អង្គការភីន (PIN) និងអង្គការ ActionAid។

ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យដល់ជីវិត និងការប្រកបរបររស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប្រហែល ១៧ លាននាក់។ បើតាមរបាយការណ៍សន្ទស្សន៍ហានិភ័យអាកាសធាតុសកល (Global Climate Risk Index) ឆ្នាំ ២០២០ ប្រទេសកម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមប្រទេសដែលងាយរងហានិភ័យអាកាសធាតុនៅក្នុងពិភពលោក។ បើគ្មានវិធានការពង្រឹងភាពធន់ និងការសម្របខ្លួនឱ្យបានប្រសើរនោះទេ ការប្រែប្រួលអាកាសធាតុអាចមានផលប៉ះពាល់ និងនាំឱ្យមានការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបរបស់ជាតិ រហូតដល់ ១០ ភាគរយ ក្នុងឆ្នាំ ២០៥០។ ហានិភ័យអាកាសធាតុទាំងនេះ នឹងបន្ថែមភាពធ្ងន់ធ្ងរបន្ថែមទៀតដល់ ផ្នែកសង្គមនិងសេដ្ឋកិច្ច ប្រសិនបើកង្វះខាតប្រព័ន្ធប្រកាសឱ្យដឹងមុន និងការត្រៀមខ្លួនទុកជាមុននៅតែបន្តកើតមាន សមត្ថភាពសម្របខ្លួននៅមានកម្រិត ជាពិសេសសម្រាប់សហគមន៍ជនបទ រួមមានស្ត្រី កុមារ ជនជាតិដើមភាគតិច ជនដែលមានពិការភាព និងក្រុមជនដែលងាយរងហានិភ័យផ្សេងទៀត។

គម្រោងដែលមានរយៈពេល ៥ ឆ្នាំ នេះ (២០២៦ -២០៣០) និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងដំណើរការពេញលេញ និងគ្របដណ្តបលើពហុគ្រោះថ្នាក់នៃប្រ័ន្ធប្រកាសឱ្យដឹងមុន សម្រាប់គ្រប់ព្រឹត្តិការណ៍ហានិភ័យទាំងអស់រួមមាន ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង ព្រឹត្តិការណ៍រន្ទះបាញ់។ ​ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង០៧ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ រួមជាមួយប្រទេស អង់ទីហ្គា (Antigua) និង បាប៊ុយដា (Barbuda), ឆាដ (Chad), អេក្វាឌ័រ (Ecuador), អេត្យូពី (Ethiopia), ហ្វីជី (Fiji) និង សូម៉ាលី (Somalia) ហើយគំនិតផ្តួចផ្តើមនេះ ក៏ជាផ្នែកមួយនៃការជំរុញជាសកលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីធានាថាមនុស្សគ្រប់រូបត្រូវបានការពារដោយប្រព័ន្ធប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាពត្រឹម ឆ្នាំ ២០២៧

តាមរយៈការកែលម្អការតាមដានហានិភ័យ ការព្យាករណ៍ ការផ្សព្វផ្សាយពត៌មានប្រកាសឱ្យដឹងមុន និងការត្រៀមខ្លួននិងត្រៀមបំរុង គម្រោងមានគោលបំណងកាត់បន្ថយការបាត់បង់ជីវិត ការប្រកបរបរ និងការបាត់បង់ទ្រព្យសម្បត្តិ ជាពិសេសនៅក្នុងសហគមន៍ដែលងាយរងគ្រោះខ្លាំងបំផុតពីគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។ គំនិតផ្តួចផ្តើមនេះជាវេទិកាសំខាន់មួយ ដើម្បីពង្រឹងការអនុវត្តសកម្មភាពដែលមានលក្ខណរួមបញ្ជូលគ្នារវាងស្ថាប័ននីមួយៗ និងភាពជាដៃគូ សម្របសម្រួលការវិនិយោគរួមគ្នា និងបង្កើនប្រសិទ្ធភាពនៃការបំពេញបន្ថែមគ្នាទៅវិញទៅមក។ វិធីសាស្រ្តនេះ ជួយធានាថាប្រព័ន្ធប្រកាសឱ្យដឹងមុនត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋដោយមានភាពសមស្រប មានប្រសិទ្ធភាព និងផ្តោតលើវិធីសាស្ត្រការយកមនុស្សជាស្នូល ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ជាងគេ ដោយមិនទុកអ្នកណាម្នាក់ចោលនោះឡើយ។

នៅខែវិច្ឆិកា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការផែនទីចង្អុលផ្លូវថ្នាក់ជាតិ “ប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា” ក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនទូទាំងប្រទេស។ គម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ នឹងក្លាយជាផ្នែកមួយរួមចំណែកក្នុងការដាក់ឱ្យអនុវត្តនូវសកម្មភាពដែលមានក្នុងផែនទីចង្អុលផ្លូវថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តសកម្មភាពភាពសំខាន់ៗមួយចំនួនរួមមាន ការធ្វើឱ្យប្រសើរឡើងនូវរបៀបដែលការប្រកាសឱ្យដឹងមុនត្រូវបានបង្កើតឡើង ការផ្សព្វផ្សាយ និងប្រើប្រាស់ ដើម្បីគាំទ្រការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងលើកកម្ពស់ការសម្របខ្លួនទៅនឹងអាកាសធាតុ។ គម្រោងនេះនឹងត្រូវអនុវត្តនៅក្នុងខេត្តដែលមានហានិភ័យខ្ពស់ចំនួន ៤ គឺ រតនគិរី ក្រចេះ ស្ទឹងត្រែង និងបន្ទាយមានជ័យ ដោយមានការអនុវត្តយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូបច្ចេកទេស ដើម្បីពង្រឹងការត្រៀមខ្លួន និងកសាងភាពធន់។

ឯកឧត្តកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថា ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុន គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការការពារជីវិត ជីវភាពរស់នៅ និងសមិទ្ធផលនៃការអភិវឌ្ឍន៍ជាតិចំពោះការកើនឡើងពីហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយនានា។ ក្នុងនាមជាស្ថាប័ននាំមុខក្នុងការអនុវត្តផែនទីចង្អុលផ្លូវ សម្រាប់ប្រព័ន្ធប្រកាសឱ្យដឹងមុន គ. ជ. គ. ម ប្តេជ្ញាពង្រឹងកិច្ចសម្របសម្រួលរវាងគ្រប់ ក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូរពាក់ព័ន្ធ ដើម្បីកសាងប្រព័ន្ធប្រកាសអោយដឹងមុនពហុគ្រោះថ្នាក់ ដែលមានប្រសិទ្ធភាព និងគ្រប់ដណ្តប់គ្រប់ដំណាក់ការ ។ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយ យូអិនឌីភី និងភាគីពាក់ព័ន្ធដ៏ទៃទៀត គំនិតផ្តួចផ្តើម នឹងជួយពង្រឹងការត្រៀមលក្ខណ: ការឆ្លើយតបបានទាន់ពេលវេលា ដែលនឹងរួមចំណែកដល់ការកសាងកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និងភាពធន់ខ្ពស់។

លោក Hemant Mandal ប្រធានតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង បានមានប្រសាសន៍ថា៖ “នៅទូទាំងប្រទេសកម្ពុជា សហគមន៍កំពុងប្រឈមមុខនឹងការកើនឡើងនៃហានិភ័យ ពីទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលនៃលំនាំទឹកភ្លៀង ដែលជះឥទ្ធិពលទៅលើជីវភាពរស់នៅ និងសន្តិសុខស្បៀង” ។ ដូច្នេះ ប្រព័ន្ធប្រកាសឱ្យដឹងមុនមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការការពារជីវិត ការប្រកបរបររកស៊ី និងសមិទ្ធិផលដែលកើតចេញពីការអភិវឌ្ឍន៍របស់ជាតិ។ តាមរយៈគម្រោង “ ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា” មូលនិធិអាកាសធាតុបៃតង នឹងជួយពង្រឹងស្ថាប័ន និងប្រព័ន្ធព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋអាចព្យាករ ហានិភ័យអាកាសធាតុ និងឆ្លើយតបមុនពេលគ្រោះមហន្តរាយកើតមាន។ នេះជាជំហានសំខាន់មួយឆ្ពោះទៅរកការកសាងភាពធន់ដែលអាចអនុវត្តបាន និងដឹកនាំដោយប្រទេសនីមួយៗ ខណៈដែលសម្ពាធអាកាសធាតុកំពុងកើនឡើង។”

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា៖  “ប្រទេសកម្ពុជាកំពុងអនុវត្តជំហានសំខាន់មួយ ក្នុងការពង្រឹងភាពធន់នឹងអាកាសធាតុ តាមរយៈការដាក់ឱ្យដំណើរការគម្រោង “ ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា(EW4All)”។ គម្រោងនេះគាំទ្រការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងការការពារជីវិត ជីវភាពរស់នៅ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី ពីផលប៉ះពាល់កើតចេញពីការកើនឡើងនៃគ្រោះមហន្តរាយ ដែលពាក់ព័ន្ធនឹងអាកាសធាតុ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តក្របខណ្ឌគោលនយោបាយដ៏ទូលំទូលាយមួយ រួមមាន ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCC SP 2024 – 2033) ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដែលបានដាក់ស្នើក្នុងឆ្នាំ ២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូនឆ្នាំ ២០៥០។ នៅពេលដែលមានការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើង គ្រោះមហន្តរាយរួមមាន ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ រលកកម្តៅ និងព្រឹត្តិការណ៍អាកាសធាតុជាច្រើនទៀត និងកាន់តែមានភាពធ្ងន់ធ្ងរនឹងញឹកញាប់ ដូចនេះហើយប្រព័ន្ធប្រកាសឱ្យដឹងមុនដែលទាន់ពេលវេលា និងអាចទុកចិត្តបាន គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីធានាថាសហគមន៍ដែលងាយរងគ្រោះ អាចមានទំនុកចិត្ត ក្នុងការព្យាករណ៍ ការត្រៀមខ្លួនទុកជាមុន និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពចំពោះហានិភ័យទាំងនេះ”​។

លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ទោះបីជាមានសញ្ញាបង្ហាញថា​ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កំពុងមានការកាត់បន្ថយ ក៏ដោយ យូអិនឌីភី កំពុងដើរតួនាទីក្នុងការរួមបញ្ចូលដៃគូជាច្រើនក្នុងការសហការគ្នា។ គំនិតផ្តួចផ្តើម ការប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា (EW4ALL) គឺជាគំរូជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផ្តល់ប្រព័ន្ធប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាព ដោយមានគោលដៅយ៉ាងច្បាស់លាស់ក្នុងការរួមបញ្ចូលនូវកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល។ តាមរយៈគំនិតផ្តួចផ្តើម នៃគម្រោងនេះ យូអិនឌីភី នឹងផ្តោតលើការប្រើប្រាស់ និងវិនិយោគធនធានដែលមានស្រាប់ ឱ្យបានជាអតិបរមាពីគ្រប់ស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាថាពត៌មាននៃការប្រកាសឱ្យដឹងមុន បានផ្តល់ជូនបានទាន់ពេលវេលា ត្រឹមត្រូវ និងអាចអនុវត្តបាន អាចចែកជូនទៅដល់ប្រជាជនគ្រប់រូបនៅកម្ពុជា។ ក្នុងពិភពលោកដែលកំពុងប្រឈមនឹងវិបត្តិស្មុគស្មាញជាច្រើន ការការពារជីវភាពរស់នៅ និងការកសាងភាពធន់សម្រាប់ក្រុមដែលងាយរងហានិភ័យ និងក្រុមជនងាយរងគ្រោះខ្ពស់ នៅតែជាគន្លឹះសំខាន់នៃការប្តេជ្ញារួមរបស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ប្រព័ន្ធដែលរួមបញ្ចូល គិតគូរពីបរិយាប័ន្ន ប្រព័ន្ធមួយដែលគិតគូរនិងយកមនុស្សជាស្នូល ព្រមទាំងពង្រីកដំណោះស្រាយរួមដែលមានភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ដើម្បីជួយឱ្យប្រទេសកម្ពុជា​អាចព្យាករ និងឆ្លើយតបបានកាន់តែល្អប្រសើរជាងមុនចំពោះហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ។”

ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត អឿង ចន្ថា តំណាងក្រសួងធនធានទឹក និងឧតុនិយម (MoRAM) បានលើកឡើងថា៖ “ការពង្រឹងសេវាឧតុនិយម និងជលសាស្ត្រ (hydromet) គឺជាគន្លឹះស្នូលក្នុងការកសាងប្រព័ន្ធប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាពនៅកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម បានប្តេជ្ញាពង្រឹងការប្រមូល វិភាគ និងផ្សព្វផ្សាយព័ត៌មានអាកាសធាតុ និងធាតុអាកាស ដើម្បីគាំទ្រការព្យាករណ៍ ឱ្យទាន់ពេលវេលា និងមានភាពត្រឹមត្រូវ។ តាមរយៈគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​   និងក្នុងកិច្ចសហការជិតស្និទ្ធជាមួយ UNDP និងដៃគូផ្សេងៗ យើងកំពុងធ្វើ ទំនើបកម្មបណ្តាញពិនិត្យអង្កេត កែលម្អសមត្ថភាពព្យាករណ៍ និងធានាថាពត៌មានស្តីពីការប្រកាសឱ្យដឹងមុន អាចផ្តល់ដល់សហគមន៍នៅក្នុងខេត្តគោលដៅទាំងបួនរបស់គម្រោង។ វានឹងអាចជួយឱ្យមានការត្រៀមខ្លួនបានល្អប្រសើរជាងមុន កាត់បន្ថយហានិភ័យ និងគាំទ្រនូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាដែលមានភាពធន់នឹងអាកាសធាតុ”៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia