Connect with us

ព័ត៌មាន

យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង បន្តចុះអនុវត្តនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលជាស្ថាប័នទី៩

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តនៅតាមក្រសួង និងស្ថាប័នចំនួន៨ រួចមក នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បានបន្តបេសកកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

បេសកកម្មចុះធ្វើជំរឿននេះ ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។

ក្នុងដំណើរការនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានចូលរួមសហការយ៉ាងសកម្ម ដោយបានមកបង្ហាញខ្លួនផ្ទាល់ និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនកម្ពុជាច្បាប់ដើម ទៅតាមការកំណត់របស់គណៈកម្មការជំរឿន។

ដើម្បីធានាថាមិនមានការរំខានដល់ប្រតិបត្តិការការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈ ក្រុមការងារគណៈកម្មការ បានរៀបចំការចុះធ្វើជំរឿននេះដោយផ្ទាល់ នៅទីតាំងចំនួន២ រួមមាន៖ (១)ទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (២) វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល។

គួររំលឹកថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គឺជាស្ថាប័នទី៩ ហើយ ដែលគណៈកម្មការបានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីដំណើរការជំរឿននៅក្រសួងអធិការកិច្ច។ យុទ្ធនាការជំរឿននៅទីតាំងទាំង២ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺនៅថ្ងៃទី៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៦៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia