Connect with us

ព័ត៌មាន

កម្ពុជាអរបអរសាទរចំពោះចិនដែលបានដឹកនាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលជោគជ័យ

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងរយៈពេលមិនដល់២ខែ ឯកឧត្តមបានជួបនិងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជួបលើកទី១ នៅក្នុងខែមេសា នៅភ្នំពេញពេលដែលប្រទេសកម្ពុជា និងចិន បានរៀបចំកិច្ចប្រជុំ ២+២ ជាលើកទី១ ដែលបានពង្រឹងថែមទៀតនៅចំណងមិត្តភាពដែកថែប ជំនឿទុកចិត្តខាងនយោបាយ និងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ជួបលើកទី២ នៅសប្តាហ៍មុននៅទីក្រុងញូវយ៉ក ពេលដែលឯកឧត្តមបានទៅចូលរួមក្នុងកិច្ចពិភាក្សាបើកជំហរកម្រិតខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការប្រកាន់ភ្ជាប់គោលបំណងនឹងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ការបញ្ជាក់នេះ បន្ទាប់ពីពិធីអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ប្រមុខការទូតកម្ពុជាបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់នេះ និងសូមអរបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានដឹកនាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយជោគជ័យក្នុងនាមជាប្រធានប្តូរវេនប្រចាំខែឧសភាកន្លងទៅ។ ការដឹកនាំនេះ បានបង្ហាញពីតួនាទីដ៏មានសារសំខាន់បំផុតរបស់ប្រទេសចិនក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ការរក្សាសន្តិសុខ និងវិបុលភាពសកលដែលស្របទៅនិងបំណងប្រាថ្នា និងកិច្ចប្រឹងប្រែងរួមរបស់តំបន់ និងសកលលោក៕ អត្ថបទ៖ វង្ស សុភាព

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia