Connect with us

ព័ត៌មាន

កិច្ចប្រជុំអគ្គនាយគយអាស៊ាននៅកម្ពុជាបានបញ្ចប់ប្រកបដោយផ្លែផ្កាល្អប្រសើរជាមួយប្រតិភូអាស៊ាន

“កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ គិតចាប់ពីថ្ងៃទី២ ដល់ទី៤ ខែមិថុនា ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយភាពជោគជ័យ និងលទ្ធផលផ្កែផ្កាជាច្រើន ខណៈដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ដែលមានការចូលរួមពីគណៈប្រតិភូរដ្ឋបាលគយ នៃប្រទេសសមាជិកអាស៊ានទាំងអស់។ ដោយឡែក​គណៈប្រតិភូនៃរដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។

នៅក្នុងសន្និសីទសារព័ត៍មាន ក្រោយចប់កិច្ច នារសៀលថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រជុំរយៈពេល ៣ថ្ងៃកន្លងមកនេះ អង្គប្រជុំបានអនុម័តលើឯកសារសំខាន់ៗចំនួន៤ រួមមាន៖ ១) លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិ ការរវាងរដ្ឋបាលគយអាស៊ាននិងរដ្ឋបាលគយជប៉ុន ស្តីពីការចែករំលែកព័ត៌មានពាក់ព័ន្ធករណីរឹបអូសទំនិញ, ២) លក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិបត្តិការរវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយកូរ៉េ ស្តីពីការ ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យបានទាន់ពេល ៣) មគ្គុទេសក៏ស្តីពី ការកែទម្រង់និងទំនើបកម្មគយអាស៊ាន និង៤)ផែនទីបង្ហាញផ្លូវនៃប្រព័ន្ធបញ្ជរតែមួយស៊ាន ជំនាន់២.០០ (ASW 2.0) សម្រាប់ឆ្នាំ២០២៦-២០៣០។

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំនេះក៏បានចេញនូវសេចក្តីថ្លែងការណ៍រួម ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលគយអាស៊ានក្នុងការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ស្របពេលពិភពលោកកំពុងប្រឈមនឹងបញ្ហាថ្មីៗ ដូចជា ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះនៅមជ្ឈិមបូព៌ាជាដើម ដែលបានបន្តប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ។ អគ្គនាយកគយអាស៊ាន បានបញ្ជាក់ជាថ្មីនូវការខិតខំប្រឹងប្រែងពង្រីកឌីជីថលភាវូបនីយកម្មនីតិវិធីគយ តាមរយៈប្រព័ន្ធបញ្ជរតែមួយអាស៊ាន, បានស្វាគមន៍វឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសំខាន់ៗក្នុងតំបន់ រួមមាន៖ ការរៀបចំ AEO MRA ក្នុងចំណោមរដ្ឋបាលគយតំបន់ និងបន្តពង្រីក AEO-MRA ជាមួយរដ្ឋបាលគយដៃគូអាស៊ាន, ពង្រីកវិសាលភាពប្រព័ន្ធឆ្លងកាត់គយអាស៊ានទាំងក្នុងតំបន់ និងពិនិត្យលទ្ធភាពតភ្ជាប់ជាមួយប្រទេសចិន។

បើតាម ឯកឧត្តមបណ្ឌិត គុណ ញឹម កិច្ចប្រជុំលើកទី៣៥នេះ អគ្គនាយកគយអាស៊ាន ក៏បានប្រជុំ​ពិគ្រោះ​យោបល់​​​​ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សា​ធុរកិច្ច​​​អាស៊ាន , ក្រុមប្រឹក្សា​ធុរកិច្ច​​​អាស៊ាន-អឺរ៉ុប និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន ស្តាប់អនុសាសន៍និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួន ដែលវិស័យឯកជនបានលើកឡើង ក្នុងន័យ​លើក​កម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស​វិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។

សូមបញ្ជាក់ថា នេះជាលើកទី៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ដោយការទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ នៅឆ្នាំ២០០៦ និងលើកទី២នៅឆ្នាំ២០១៦៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia