Connect with us

ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ និងសម្ភារជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ

ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា កាកបាទក្រហមកម្ពុជា បានបន្តផ្តល់ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ ដោយថវិកា៥ម៉ឺនដុល្លារអាម៉េរិក រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ដើម្បីចូលរួមចំណែកសង្គ្រោះជីវិតកុមារកម្ពុជា។

ពិធីប្រគល់-ទទួលនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះលោកជំទាវបានគូសបញ្ជាក់ថា ការឧបត្ថម្ភនេះគឺឆ្លុះបញ្ចាំងពីទឹកចិត្តដ៏សប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខុមាលភាពរបស់កុមារនិងប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលតែងតែជួយទ្រទ្រង់បេសកកម្មរបស់មន្ទីរពេទ្យជាបន្តបន្ទាប់។ លោកនាយករងបានឱ្យដឹងថា មន្ទីរពេទ្យ ផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ដល់កុមារប្រមាណ៤០០នាក់ក្នុងមួយថ្ងៃ ហើយថវិកាដែលទទួលបាននាពេលនេះនឹងជួយសម្រួលដល់ការចំណាយលើការព្យាបាលកុមារបានប្រមាណ១,០០០នាក់បន្ថែមទៀត។

ក្រៅពីការឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ២តោន, មី, ត្រីខ, គ្រឿងទេស, ទឹកបរិសុទ្ធ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។ ក្នុងឱកាសនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខ និងផ្តល់អំណោយផ្ទាល់ជូនគ្រួសារកុមារដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន១០០នាក់ផងដែរ។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៦មក កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរសរុបចំនួន៩លើក គិតជាទឹកប្រាក់ជាង ៣៤ម៉ឺនដុល្លារអាម៉េរិក។ បេសកកម្មនេះ មិនត្រឹមតែជួយសង្គ្រោះជីវិតកុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អក្នុងសង្គមខ្មែរដើម្បីរួមគ្នាលើកកម្ពស់សុខុមាលភាពកុមារដែលជាទំពាំងស្នងឫស្សីរបស់ជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia