Connect with us

ព័ត៌មាន

ប្រមុខការទូតកម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាម៉េរិកក្នុងការគាំទ្រនិងសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះ តួនាទីបុរេសកម្មរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald J. Trump ក្នុងការគាំទ្រនិងសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការបន្តតាមដាននិងចូលរួមរបស់អាម៉េរិកក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូទ្បាទ្បាំពួនេះ។

ការវាយតម្លៃនេះ ក្នុងឱកាសអញ្ជើញទទួលអាហារការងារថ្ងៃត្រង់ជាមួយលោក Hunt VanderToll ឧបការីរងរដ្ឋមន្រ្តីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ភាគីទាំងពីរក៏បានពិនិត្យពិភាក្សាលើវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-អាម៉េរិក ផងដែរ។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ៖ វង្ស​ សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia