Connect with us

ព័ត៌មាន

សហគ្រិនធុនតូច និងមធ្យម​បង្កើនការផលិត​ជំនួសឱ្យផលិតផលនាំចូល ខណៈសន្ទុះពលរដ្ឋគាំទ្របន្តកើនឡើង​

ភ្នំពេញ៖ក្រុមសហគ្រិន បានលើកឡើងថា ដោយ​ស្មារតីរួបរួមរបស់ពលរដ្ឋងាកមកប្រើប្រាស់ផលិតផលជាតិ​កាន់តែច្រើនឡើង​បានជំរុញ​ឱ្យសហគ្រាសធុនតូច និងមធ្យម ជាច្រើនបង្កើនការផលិតរបស់ខ្លួន​ ដើម្បីជំនួសទំនិញនាំចូល។

សហគ្រិន បានបញ្ជាក់ថា ក្នុងស្មារតីស្នេហាជាតិ ប្រជាពលរដ្ឋបានងាកមកគាំទ្រផលិតផលជាតិ​កាន់តែផុលផុសឡើង ដែលនាំឱ្យសិប្បកម្មរបស់ពួកគេបង្កើនការផលិតកាន់ច្រើនជាងមុន​ ដែលផលិតស្ទើរមិនទាន់តម្រូវការទីផ្សារ។ ទន្ទឹមនឹងការគាំទ្រពីរដ្ឋាភិបាល និងអ្នកប្រើប្រាស់ ក្រុមសហគ្រិនទាំងនោះ បានសន្យាថា នឹងខិតខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត តាមរយៈ​ការពង្រឹងគុណភាពផលិតឱ្យស្របតាមស្តង់ដារអនាម័យចំណីអាហារ ហើយពួកគេ នៅតែទទូច ឱ្យប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលជាតិជារៀងរហូត​ ​ ដើម្បី​ភាពរីកចម្រើន​សេដ្ឋកិច្ច និង​បង្កើតឱកាសការងារក្នុងស្រុកកាន់ច្រើនឡើង​។​

តាមការវាយតម្លៃរបស់សហគិ្រន ក្នុងរយៈពេលជិតមួយឆ្នាំមកនេះនៃការបិទព្រំដែនគោកដោយឯកតោភាគីរបស់ថៃគឺជាឱកាសសម្រាប់សហគ្រាសធុនមីក្រូ តូច​ និងមធ្យម នៅកម្ពុជា ក្នុងការ​កសាងសមត្ថភាព និងរក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលជាតិនៅលើទីផ្សារ។ ជាក់ស្តែង ផលិត​ផលជាតិកាន់តែច្រើន ត្រូវបានតាំងលក់នៅតាមផ្សារទំនើបនានា នៅរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប ជីប ម៉ុង, ផ្សារទំនើប Lucky, ផ្សារទំនើប SuperDuper, ផ្សារទំនើប អ៊ីអន, និងផ្សារទំនើបមួយចំនួនទៀត។

កាលពីថ្មីនេះៗ ឯកឧត្តម ​ប៉ែន សុវិជាតិ ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បានលើកឡើងក្នុងវេទិកាមួយថា ដោយ​ស្មារតី​ជាតិនិយម ​ពហិកា​ទំនិញ​ថៃ​ បានក្លាយជា​ឱកាស​ល្អ​បំផុត​សម្រាប់​សហ​គ្រាស​ក្នុងស្រុក។​ជាក់ស្តែង​ ​នៅពេល​​ ​មីម៉ាម៉ា ​បិទ គឺ​មីជាតិ​របស់​កម្ពុជា ​ចូល​មក​ជំនួស​ភ្លាម និង​មាន​ផលិតផល​ច្រើន​រសជាតិ ​ដែល​ស្រប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia