Connect with us

ព័ត៌មាន

ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិនចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវឈានទៅបង្ក្រាបបាន ពាក់ព័ន្ធករណីឃាតកម្មចាក់សម្លាប់ជនជាតិចិនដូចគ្នា រួចដឹកសពយកទៅប្លុងចោលក្នុងរថយន្ត នៅក្នុងទឹកដីខណ្ឌដង្កោ កាលពីយប់ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៦ ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រាប់ BTV ឲ្យដឹងថា ៖ អំពើឃាតកម្មចាក់សម្លាប់នេះ គឺកើតឡើងដោយសារទំនាស់គំនុំគ្នាតាំងពីប្រទេសចិនមក ហើយក្រុមជនសង្ស័យបានមកធ្វើសកម្មភាពរៀបចំគម្រោងចាក់សម្លាប់ជនរងគ្រោះនៅក្នុងប្រទេសកម្ពុជា ។

លោកឧត្តមសេនីយ៍ឯកស្នងការ បញ្ជាក់ថា ៖ បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន០៤នាក់ហើយ នៅសេសសល់បក្សពួកចំនួន០៤នាក់ទៀត កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តប្រតិបត្តិការស្រាវជ្រាវតាមចាប់ខ្លួនពួកគេដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

គួររំលឹកថា ៖ សពជនរងគ្រោះជាជនជាតិចិនម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញក្នុងរថយន្តព្រូសពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1311 កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដោយឃាតកបានយកទៅប្លុងចោលនៅចំណុចដីវាលមួយកន្លែងក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia