Connect with us

ព័ត៌មាន

អាជ្ញាធរភ្នំពេញបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន ៦ទីតាំងនៅតំបន់ផ្សារចិន

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជាធានីភ្នំពេញ នៅរសៀលថ្ងៃសៅរ៍ទី៦ ខែមិថុនា ឆ្នាំ២០២៦ លោក ឯក ឃុនដឿន អភិបាលរងរាជធានី បានដឹកនាំក្រុមការងារសហការជាមួយ គណបញ្ជាការឯកភាពខណ្ឌចំការមន បានចុះរដ្ឋបាល និងបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ចំនួន ៦ទីតាំង នៅទីតាំងផ្សារចិនផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រីបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះក្រុមការងារបានឃាត់ខ្លួនជនបរទេស ២នាក់ ដែលស្នាក់នៅគ្មាលិខិតឆ្លងដែនផងដែរ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ក្រោម ការយកចិត្តទុក ដាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានណែនាំដល់លោក និងលោកស្រី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ត្រូវតែបន្តបំពេញការងារព្រមៗគ្នាដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសផ្សេងៗរាប់ទាំង ល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia