ព័ត៌មាន
គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
ស្វាយរៀង៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ។
លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា ដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៨ មកកាន់ខេត្តស្វាយរៀងនេះ មិនមែនក្នុងគោលបំណងពិនិត្យ ឬសាកសួរដេញដោលនោះទេ ប៉ុន្តែជាការចុះស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការនានារបស់មូលដ្ឋាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងគាំទ្រដល់ការអនុវត្តគោលនយោបាយលើប្រព័ន្ធគាំពារសង្គម ធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទទួលបានជោគជ័យ។
ឯកឧត្តម ប៉េង ពោធិ៍សា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺបានខិតខំឥតស្រាកស្រាន្ត និងកែទម្រង់មុតស្រួចឥតងាករេលើគ្រប់វិស័យ ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្រជាអាទិភាពជាច្រើន ក្នុងនោះក៏មានយុទ្ធសាស្ត្រប្រព័ន្ធគាំពារសង្គម។ ចំពោះបញ្ហាសេដ្ឋកិច្ចក្នុងខេត្តស្វាយរៀង បានធ្វើការទាក់ទាញវិនិយោគិនជាច្រើនមកបណ្តាក់ទុនក្នុងខេត្ត ក៏ដូចជាក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើនការងារជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែច្រើនថែមទៀត។រីឯវិស័យសុខាភិបាលវិញ បានបន្តអភិវឌ្ឍ និងពង្រឹងគុណភាពសេវាថែទាំសុខភាពជាបន្តបន្ទាប់ តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការលើកកម្ពស់សមត្ថភាពមន្ត្រីសុខាភិបាល ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ម្យ៉ាងទៀតរដ្ឋបាលខេត្ត រួមជាមួយក្រសួងសុខាភិបាល និងក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងសប្បុរសជន បានគាំទ្រការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារវេជ្ជសាស្ត្រ ដើម្បីឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ អាជ្ញាធរពាក់ព័ន្ធ ក៏បានពង្រឹងការគ្រប់គ្រងវិស័យឯកជន ដោយចុះត្រួតពិនិត្យគ្លីនិក ឱសថស្ថាន និងទីតាំងផ្តល់សេវាសុខភាព ដើម្បីទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ សំដៅធានាសុវត្ថិភាព និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាល។
តាមរយៈរបាយការណ៍ និងបទអន្តរាគមន៍របស់រដ្ឋបាលខេត្ត, លោកជំទាវ ឡោក ខេង បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសសេវាសុខាភិបាល ដោយសង្កត់ធ្ងន់លើការបន្តពង្រឹងគុណភាពសេវា និងការបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌។
ជាមួយគ្នានេះ លោកជំទាវ ក៏បានជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធបន្តពង្រីកសកម្មភាពអប់រំ និងផ្សព្វផ្សាយអំពីជំងឺមិនឆ្លងឱ្យកាន់តែទូលំទូលាយ តាមរយៈវីដេអូ សម្ភារៈផ្សព្វផ្សាយ និងសកម្មភាពអប់រំនៅតាមមន្ទីរពេទ្យ រោងចក្រ និងសហគ្រាសនានា ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី អំពីហានិភ័យ និងការបង្ការជំងឺមិនឆ្លង ដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងបញ្ហាសុខភាពផ្លូវចិត្ត ៕






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប