Connect with us

ព័ត៌មាន

ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា

អ៊ីនឆ័ន៖ គណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន SK Incheon Petrochem ស្វែងយល់អំពីការគ្រប់គ្រង ខ្សែច្រវាក់ផលិត- កម្មខ្នាតធំ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត និងទំនើបកម្មឧស្សាហកម្មគីមីឥន្ធនៈ ដើម្បីជាទុនពិនិត្យលទ្ធភាព ក្នុងការរៀបចំគោល នយោបាយ និងទាក់ទាញការវិនិយោគលើវិស័យថាមពល និងឧស្សាហកម្មគាំទ្រនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នៅរសៀលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងអ៊ីនឆ័នវិញ ដើម្បី បំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នវានុវត្តន៍បច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់ក្រុមហ៊ុន SK Incheon Petrochem ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឯកទេសរបស់សម្ព័ន្ធក្រុមហ៊ុន SK Group ក្នុងវិស័យថាមពល និងគីមីឥន្ធនៈ លំដាប់ពិភពលោក នៃសាធារណរដ្ឋកូរ៉េ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ អំពីការគ្រប់ គ្រងខ្សែច្រវាក់ផលិតកម្មខ្នាតធំ ការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាត និងទំនើបកម្មឧស្សាហកម្មគីមីឥន្ធនៈ ដែលជាបេះដូងនៃការ អភិវឌ្ឍវិស័យឧស្សាហកម្មធុនធ្ងន់ និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។ រោងចក្រចម្រាញ់ប្រេងដ៏មានសក្តានុពលនេះ ដែលត្រូវបាន បង្កើតឡើងតាំងពីឆ្នាំ១៩៦៩ ក្នុងនាមជារោងចក្រចម្រាញ់ប្រេងលំដាប់ទី៣ របស់សាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នមានសមត្ថភាព ចម្រាញ់ប្រេងឆៅរហូតដល់ ២៦៥ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត និងអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សា ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាផ្ទាល់ ដោយបានគូសបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ កិច្ចសម្របសម្រួលវិនិយោគគ្រប់បែបយ៉ាងជូនដល់គ្រប់ធុរកិច្ចបរទេស ដែលមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនៃគណៈប្រតិភូជាន់ខ្ពស់កម្ពុជានេះ គឺជាឱកាសដ៏វិសេសវិសាលមួយ ក្នុងការក្រេបជញ្ជក់នូវចំណេះ ដឹង បទពិសោធន៍ល្អៗ ក៏ដូចជាការស្វែងយល់ពីគំរូនៃឧស្សាហកម្មបែបបៃតង និងការគ្រប់គ្រងថាមពលប្រកបដោយចីរភាព ដើម្បីជា ទុនក្នុងខឿនគំនិតសម្រាប់យកទៅពិនិត្យលទ្ធភាព ក្នុងការរៀបចំគោលនយោបាយ និងទាក់ទាញការវិនិយោគលើវិស័យថាមពល និង ឧស្សាហកម្មគាំទ្រនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ប្រកបដោយបរិស្ថានមេត្រី និងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ឆ្លើយតបទៅ នឹងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia