ព័ត៌មាន
ក្រុមការងារចុះជួយឃុំត្រពាំងជងបន្តផ្តល់កូនឈើហូបផ្លែជូនពលរដ្ឋ បំផុសយុទ្ធនាការ«ភូមិស្អាត»
ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងកែលម្អសោភ័ណភាពបរិស្ថាននៅតាមមូលដ្ឋាន ឯកឧត្តម អ៊ឹង ឌីប៉ូឡា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន រួមនិងក្រុមការងារ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់កូនឈើហូបផ្លែជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិកោះអណ្តែត និងភូមិកោះស្វាយ ព្រមទាំងបានបំផុសចលនាយុទ្ធនាការ «ភូមិស្អាត» យ៉ាងសកម្ម។
នៅក្នុងឱកាសចុះជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី ដើម្បីបានដឹងពីសុខ និងទុក្ខ រួមនិងតម្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយភាពស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។ ដើម្បីជាការគាំទ្រដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនគម្របបៃតងនៅក្នុងសហគមន៍ ក្រុមការងារបាននាំយកកូនឈើហូប ផ្លែចម្រុះ ចែកជូនដល់ដៃប្រជាពលរដ្ឋផ្ទាល់ ក្នុង០១គ្រួសារ០២ដើម ដើម្បីយកទៅដាំដុះនៅតាមគេហដ្ឋានរៀងៗខ្លួន។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ ក្រុមការងារបានផ្តល់កូនឈើជូនដល់ប្រជាពលរដ្ឋចំនួន០៦ភូមិរួចរាល់ហើយ។ យោងតាមផែនការដែលបានកំណត់ ក្រុមការងារនឹងផ្តល់កូនឈើឱ្យបានប្រមាណ១០,០០០ ដើម សម្រាប់ប្រជាពលរដ្ឋដាំដុះតាមផ្ទះនៅក្នុងបណ្តាភូមិទាំង២០នៃឃុំត្រពាំងជងទាំងមូល។
ទន្ទឹមនឹងការចែកកូនឈើ ឯកឧត្តម អ៊ឹង ឌីប៉ូឡា ក៏បានបំផុសចលនាយុទ្ធនាការ «ភូមិស្អាត» ដោយបានណែនាំ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ និងតាមទីសាធារណៈ ព្រមទាំងបង្រៀនពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុខភាពល្អ និងលើកកម្ពស់សោភ័ណភាពក្នុងភូមិឱ្យកាន់តែគួរឱ្យចង់រស់នៅ។ ជាការពិសេសដើម្បីជាការលើកទឹកចិត្តដល់ស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានប្រកាសថា ភូមិទាំង២០ក្នុងឃុំត្រពាំងជង ភូមិណាដែលអនុវត្តយុទ្ធនាការអនាម័យបរិស្ថាននេះបានល្អប្រសើរ ឯកឧត្តមរួមនិងក្រុមការងារ នឹងផ្តល់ជូននូវថវិកាលើកទឹកចិត្តចំនួន ១,០០០ ដុល្លារ ផងដែរ ។
បើតាមតំណាងប្រជាពលរដ្ឋក្នុងភូមិកោះអណ្តែត បានបង្ហាញ់ក្តីរីករាយនិងកក់ក្តៅ ចំពោះសកម្មភាពរបស់ក្រុមការងារចុះជួយឃុំត្រពាំងជង តែងតែផ្សាភ្ជាប់ជាមួយជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយគ្រាំទ្រ ចំពោះការបំផុសចលនាយុទ្ធនាការ«ភូមិស្អាត» ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពទូទៅរបស់ប្រទេសជាតិ ក្នុងនោះរួមមានទាំង បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាវិបត្តិសកល និងការហក់ឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ ដែលកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងពិភពលោក មិនមែនតែប្រទេសកម្ពុជានោះឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដោះស្រាយយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយការដាក់ចេញនូវវិធានការអន្តរាគមន៍នានា ជួយទប់ទល់មិនឱ្យបញ្ហាប្រឈមទាំងនោះរីករាលដាលក្លាយជាវិបត្តិធំធេង ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះទេ។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់ និងរួមគ្នាសាមគ្គីជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីជម្នះរាល់ឧបសគ្គ និងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យបានគង់វង្ស៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន7 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់