Connect with us

ព័ត៌មាន

មន្រ្ដីជំនាញ៖ការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តពីអ្នកជំនាញរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តបាត់ដំបង

បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចាត់ទុកថាការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តពីអ្នកជំនាញពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តបាត់ដំបងទៅថ្ងៃអនាគត។

ការលើកឡើងរបស់លោក ហម អរុណ ស្របពេលដែលមន្ទីរទេសចរណ៍ខេត្តបាត់ដំបងសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP)នៃអង្គការស្វីសខន់ថាក់(Swisscontact) បានចុះសិក្សាស្រាវជ្រាវយ៉ាងសកម្មដើម្បីធ្វើការវិភាគលំហូរភ្ញៀវទេសចរជាយុទ្ធសាស្ត្រ (Strategic Visitor Flow Analysis) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ការសិក្សារបស់ក្រុមអ្នកជំនាញនៃអង្គការស្វីសខន់ថាក់ធ្វើឡើងដើម្បីសិក្សាអំពីសក្ដានុពលផលិតផលនិងគោលដៅទេសចរណ៍ដើម្បីរៀបចំសេវាកម្មទេសចរណ៍ឱ្យចំតម្រូវការប្រកបដោយគុណភាព សំដៅពន្យាពេលស្នាក់នៅរបស់ភ្ញៀវឱ្យបានយូរ បង្កើនការចំណាយរបស់ភ្ញៀវនិងជំរុញឱ្យមានកំណើនភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបងឱ្យបានកាន់តែច្រើនឡើងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ។ការសិក្សានេះមានរយៈពេល២សប្ដាហ៍ ហើយខេត្តបាត់ដំបងជាខេត្តដំបូងគេដែលត្រូវបានជ្រើសរើសសម្រាប់ការសិក្សាជ្រាវជ្រាវដើម្បីជាគំរូសម្រាប់ការសិក្សានៅខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត។

លោក ហម អរុណ គូសបញ្ជាក់ថា ការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍យ៉ាងផុសផុល។

លោក ហម អរុណ រំពឹងថា ការសិក្សានេះនឹងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យមានចីរភាព និងជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការពន្យាពេលស្នាក់នៅរបស់ភ្ញៀវឱ្យបានយូរ។

សូមជម្រាបថា ការសិក្សារំហូរភ្ញៀវទេសចរជាយុទ្ធសាស្ត្រពីអ្នកជំនាញអន្តរជាតិធ្វើឡើងក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកត្តាជំរុញទឹកចិត្តដែលទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តបាត់ដំបង ពិនិត្យមើលរបៀបដែលភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តាមគោលដៅនានា និងស្វែងរកឱកាសក្នុងការបង្កើត ធ្វើពិពិធកម្ម និងពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ឱ្យចំតម្រូវការ។លទ្ធផល និងការរកឃើញទាំងអស់ពីការសិក្សានេះនឹងក្លាយជាមូលដ្ឋានគ្រឹះ និងជាអនុសាសន៍គន្លឹះសម្រាប់អាជីវកម្មទេសចរណ៍ ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។ជាពិសេសព័ត៌មានទាំងនេះនឹងជួយឱ្យគ្រប់ភាគីអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរ និងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបងប្រកបដោយចីរភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia