Connect with us

ព័ត៌មាន

ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងឡូជីស្ទិកជាតិ

នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។

មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មឹងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសំណូមពររបស់វិស័យឯកជន ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាជំហានវិជ្ជមានថ្មីមួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង អភិវឌ្ឍ និងអភិរក្សហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធានាចីរភាពនិងគុណភាពផ្លូវថ្នល់ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែសម្រួលការពិន័យអន្តរការណ៍ឱ្យបានច្បាស់លាស់។

បន្ថែមពីលើនេះ សេចក្តីព្រាងច្បាប់នេះ នឹងជួយសម្រួលដល់ការកាត់បន្ថយចំណាយប្រតិបត្តិការ ដឹកជញ្ជូន និងឡូជីស្ទិករបស់វិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ និងតំបន់ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ជាខែលការពារទ្រព្យសម្បត្តិជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅលើដងផ្លូវ។

នៅក្នុងអង្គប្រជុំព្រឹទ្ធសភានេះ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៤រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ ដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

គួររំលឹកថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័ត យល់ព្រមលើកដំបូងចំនួន១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia