Connect with us

ព័ត៌មាន

អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ

នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុនម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាចំនួន២ខ្នង មាន១០ បន្ទប់ ភ្ជាប់ដោយបន្ទប់ទឹក១ខ្នង មាន៤បន្ទប់ សាងសង់ទីធ្លាសាលា និងដងទង់ជាតិ នៃសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតនៅក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សានេះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលលោកទាំង៤ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសការគិតគូរចំពោះការសាងសង់អាគារសិក្សាដល់ក្មួយៗសិស្សានុសិស្សនៅថ្ងៃនេះ។

វិធីបញ្ចុះបឋមសិលានេះ បានប្រព្រឹត្តទៅតាមគន្លងព្រះពុទ្ធសាសនា ដោយមាននិមន្តព្រះសង្ឃ៧អង្គ មានការចូលរួមពីយាយជី តាជី៥០នាក់ ប្រជាពលរដ្ឋអាណាព្យាបាលសិស្ស១០០ នាក់ និងសិស្សានុសិស្ស ចំនួន៦២២នាក់។

នាឱកាសនោះ លោកជំទាវក៏បាននាំយកនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា៥០០០០រៀល ចែកជូនលោកយាយ លោកតា ដែលបានចូលរួមនាឱកាសនេះ និងចែករទេះរុញសម្រាប់ពលរដ្ឋមានពិការភាពចំនួន២គ្រឿង។ ជាមួយគ្នានោះ លោកជំទាវ ក៏បានចែកនូវអាហារដល់ក្មួយៗ សិស្សានុសិស្សដែលបានចូលរួមទាំង៦២២នាក់ផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia