Connect with us

ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖ «យោងតាមការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេល​ណា​មួយ​ប្រទេស​ក្រីក្រ ​ប្រជាជនតិចនឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បាន​បន្ត​លើក​ឡើងអំ​ពីស្ថានភាពការលេងកីឡាបាល់ទាត់ពិភពលោកបន្តទៀត ក្នុងនោះ​សម្ដេច​បាន​មើល​ឃើញ​ថា បើយោង​តាម​ការ​ប្រែប្រួល​នៃ​ភូមិ​សាស្ត្រ​បាល់​ទាត់​បែប​នេះ​ពេល​ណា​មួយ​ប្រទេស​ក្រីក្រ​ប្រជាជនតិច​នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។

សម្ដេចតេជោបានថ្លែងថា ថ្ងៃមុនសម្ដេចបាននិយាយពី (បាល់មូល) ក្រោយ​ការ​ប្រកួត​កន្លង​មក​និង​យប់​កន្លង​ទៅ​នេះ​យើង​គួរ​តែ​ចាប់​ផ្តើម​និយាយ​ពី​(ភូមិសាស្ត្រ​បាល់​ទាត់)​ដែល​វា​ខុស​ពី​ភូមិ​សាស្ត្រ​នយោបាយ​ទាំង​ស្រុង។ ពេលមុនខ្ញុំតែងនិយាយថា​លើ​ពិភព​លោក​ស្តង់​ដា​អន្តរជាតិ​មាន​តែ​ក្នុងវិស័យ​កីឡា​មួយ​ប៉ុណ្ណោះ។​

សម្ដេចតេជោមានប្រសាសន៍ថា «ឆ្លងកាត់ការ​ប្រកួតបាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០២៦​នេះ​ខ្ញុំ​សង្កេត​ឃើញថា​ភូមិសាស្ត្របាល់ទាត់កំពុង ប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមាន ក្រុមកីឡា​មក​ពី​ប្រទេស​ដែល​មាន​ប្រជាជនតិច និង​ជាប្រទេសកំពុងអភិវឌ្ឍ។»

សម្ដេចតេជោបញ្ជាក់ថា «វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និង​ចំនួន​ប្រជាជន​តិច​បាន​បង្ហាញ​ថា​បាល់​ទាត់មិន​រើសអើងប្រទេសមាន ឬក្រ​ ប្រទេសមានប្រជាជនច្រើន ឬតិច​នោះ​ទេ​ដែល​នេះ​វា​ជា​(ភូមិសាស្ត្រ​បាល់​ទាត់) ដែល​នេះ​វា​ខុស​គ្នាទាំង​ស្រុង​ជាមួ​យ​ភូមិ​សាស្ត្រ​នយោបាយ​ដែល​ពិភព​លោក​កំពុង​ជ្រួល​ច្របល់​បាត់​សណ្តាប់ធ្នាប់»។

សម្ដេចតេជោបញ្ជាក់ថា ក្រុមបាល់ទាត់មកពីប្រទេសក្រីក្របានជួយជូនដំណើរក្រុមកីឡាពី ប្រទេស​អ្នក​មានត្រឡប់​ទៅ​ប្រទេសវិញ​តាំង​ពី​ប្រកួត​សន្សំ​ពិន្ទុ​រហូត​ដល់​ការ​ប្រកួត​៣២​ក្រុម​ និង​ប្រសិន​មិន​អាច​យក​ឈ្នះក៏​ធ្វើ​ឲ្យ​ប្រទេស​អ្នក​មាន​មាន​ការ​ព្រួយ​បារម្មណ៍​ពេល​ក្រុម​បាល់​ទាត់​មក​ពី​ក្រីក្រ​ទាត់​បញ្ចូល​ទីឡើងប៉ោងសំណាញ់។

សម្ដេចតេជោសង្គត់ធ្ងន់ថា «យោងតាមការប្រែប្រួល​នៃ​ភូមិសាស្ត្រ​បាល់​ទាត់​បែប​នេះ​ពេល​ណា​មួយប្រទេសក្រីក្រប្រជាជន​តិច​នឹងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន»។

សម្ដេចតេជោលើកឡើងថា សម្ដេចមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ (ភូមិ​សាស្ត្រ​បាល់​ទាត់​) ហើយឬនៅទេ ប៉ុន្តែសម្រាប់សម្ដេចឱកាសត្បូង ត្បូង​បាន​និង​កំពុង​មក​ដល់​ហើយ​សម្រាប់​ប្រទេសកំពុងអភិវឌ្ឍទាំងអស់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia